ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ៖ លម្ហប្រជាធិបតេយ្យកម្ពុជា បើកទូលាយជានិច្ច សម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួន

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា លម្ហប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជា និច្ចសម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងបែបនេះ ក្រោយមានការចុះផ្សាយថា ទូតអាមេរិក ប្រចាំកម្ពុជា ស្នើឲ្យរាជរដ្ឋាភិ បាលខ្មែរ បើកលម្ហនយោបាយវិញ ក្រោយឃើញលោក សម រង្ស៊ី ត្រូវកាត់ទោស២៥ឆ្នាំបន្ថែម។

ជាការឆ្លើយតប ទៅនឹងការលើកឡើងរបស់ទូតអាមេរិក លោក ជិន ម៉ាលីន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ថា «លម្ហប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជានិច្ចសម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។ ការអនុវត្តច្បាប់ ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹត ត្បិតលម្ហប្រជាធិបតេយ្យនោះទេ»។

លោកបន្ដថា ចំណែកឯការរិះគន់លើនីតិវិធី និងការសម្រេចរបស់តុលាការ ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធី ច្បាប់របស់កម្ពុជា ហើយដើម្បីតែការពារក្រុមជនល្មើសនោះ វាជាការិះគន់បែបអយុត្តិធម៌។ ជាងនេះទៅទៀត អ្នកនាំពាក្យ ក៏បានលើកឡើងថា មាន៣ចំណុច ជាចំណេះដឹងផ្នែកច្បាប់ អំពីព្រឹត្តិការណ៍ ៩ វិច្ឆិកា ដែលអ្នកជាប់ពាក់ព័ន្ធ និងទទួលខុសត្រូវតាមផ្លូវច្បាប់ ដូចជា ៖

ទី១-ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃ៩ វិច្ឆិកា ២០១៩ កន្លងទៅនេះ គឺជាផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ទី២-ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ត្រូវផ្តន្ទាទោសក្រោម បទល្មើសឧបឃាត ចំណែកអ្នកដែលចូលរួម ក្នុងគម្រោងផែនការនេះ ត្រូវជាប់ទោសពីបទ រួមគំនិតក្បត់។

និងទី៣-ជាគោលការណ៍ច្បាប់ អ្នកដែលពាក់ព័ន្ធ និងរងការចោទប្រកាន់ ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា នេះ ត្រូវចូលរួមក្នុងដំណើរការនីតិវិធីតុលាការ និងប្រើប្រាស់សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ដោយមានជំនួយពីមេធាវី ដើម្បីដោះបន្ទុក និងតតាំងជាមួយបទចោទ៕

To Top