ព័ត៌មានជាតិ

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ សម្រេចបានជិត៤០% នឹងក្រាលកៅស៊ូឆាប់ៗនេះ

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់តាមរយៈ គេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ មីនានេះ ថា គម្រោងផ្លូវល្បឿនលឿន រាជធានី ភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានជំរុញយ៉ាងរលូន ហើយបច្ចុប្បន្នភាព នៃគម្រោងខាងលើនេះ សម្រេចបានជិត៤០% ហើយនឹងឈានដល់ដំណាក់កាល ក្រាលកៅស៊ូ ក្នុងពេលឆាប់ៗនេះ ។

គួរជម្រាបថា ផ្លូវល្បឿនលឿន ដែលតភ្ជាប់រវាងតំបន់ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋាន សាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញប្រវែងជាង ៨គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែងជាង ៩គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ជាង៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែងជិត២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងជិត៩០ គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ក្រោមថវិកាប្រមាណ ២ពាន់លានដុល្លារ និង ប្រើរយៈពេលសាងសង់ ៤៨ខែ ៕

To Top