ព័ត៌មានជាតិ

រដ្ឋមន្ដ្រីទេសចរណ៍ បន្ដក្រើនរំលឹក មន្ទីរទេសចរណ៍ រាជធានី-ខេត្ត យកចិត្តទុកដាក់ អនុវត្តគោល ការណ៍ណែនាំ

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានក្រើនរំលឹក ដល់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត សហការ ជាមួយអង្គភាពជំនាញ ពាក់ព័ន្ធបន្តយក ចិត្តទុក ដាក់ ក្នុងការពង្រឹង ការអនុវត្តជាប្រចាំនូវ គោលការណ៍ណែនាំ របស់រាជ រដ្ឋាភិបាល និងវិធានសុវត្ថិភាព ទេសចរណ៍ នៅតាមមូលដ្ឋាន អាជីវកម្មសេវាកម្ម ទេសចរណ៍ក្នុង រាជធានី-ខេត្ត។

តាមសេចក្ដីណែនាំក្រសួង ទេសចរណ៍ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក ថោង ខុន បានឲ្យដឹងថា មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយ និងអនុវត្ត ឲ្យបានជាប្រចាំនូវអនុសាសន៍ ណែនាំរបស់ សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានម៉ឺងម៉ាត់បំផុត។

លោកបន្ដថា ត្រូវណែនាំដល់មូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ទាំងអស់ រៀបចំជា ជនបង្គោល និងវេនប្រចាំការ។ នៅតាមមូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងសហគមន៍ ទេសចរណ៍នានា ការជួបជុំកម្សាន្ត តាមបែបប្រមូលផ្ដុំ ត្រូវបានហាមឃាត់។

ជាងនេះទៅទៀត រដ្ឋមន្ត្រីទេសចរណ៍ ក៏បានលើកឡើងថា គ្រប់មូលដ្ឋានអាជីវកម្ម សេវាកម្ម រមណីយដ្ឋាន សហគមន៍ទេសចរណ៍ ទាំងអស់ ត្រូវបង្កើនការលើកកម្ពស់ ស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលនេះ ។ លោករដ្ឋមន្ដ្រីថា ការល្មើសនឹងបទបញ្ជា ត្រូវទទួលពិន័យទោស តាមបទប្បញ្ញត្តិជាធរមាន។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១,២២៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៦១៩នាក់ អ្នកជំងឺ ចំនួន៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់ ៕

To Top