កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម សម្រេចតាមការណែនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដោយយកសណ្ឋាគារមេគង្គ ស្ថិតក្នុងក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលបានការណែនាំពីសម្ដេច ហ៊ុន សែន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង កូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម។
ជាលទ្ធផល រដ្ឋបាលខេត្តកំពង់ចាមសម្រេច យកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
ដោយឡែក ចំពោះអ្នកដែលកំពុងធ្វើចត្តាឡឺស័ក នៅសណ្ឋាគារមេគង្គ ត្រូវយកទៅធ្វើចត្តាឡីស័កបន្ត នៅឯសាលាគរុកោសល្យភូមិភាគ កំពង់ចាមវិញ។
ក្នុងនោះដែរ សម្រាប់ប្រជាពលរដ្ឋ ដែលត្រូវទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នាពេលខាងមុខ រដ្ឋបាលខេត្តកំពង់ចាម សម្រេចយក ទីតាំងសាលាខេត្តកំពង់ចាម ជាកន្លែងផ្ដល់ការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។