ភ្នំពេញ ៖ នារសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកស្រី ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេច តេជោ (TYDA) បានចាត់ក្រុមការងារនាំយកអំណោយជា ថ្នាំពេទ្យ ចំនួន៩៦ប្រអប់ និងម៉ាសចំនួន១៩៥០ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ ជាប្រយោជន៍ក្នុងការ ការពារសុខភាពរបស់ កងកម្លាំង ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ។



ក្នុងឱកាសនាពេលនោះ លោកឧត្ដមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានតំណាង ឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី និងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ដែលតែងតែគិតគូ ពីសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ពិសេសបានឧបត្ថម្ភ ថ្នាំពេទ្យ និងម៉ាស ដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ ដែលអំណោយទាំងនេះ ពិតជាមានសារៈសំខាន់បំផុត សម្រាប់អង្គភាពប្រើប្រាស់ ក្នុងយុទ្ធនាការ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩៕



