ព័ត៌មានជាតិ

៣ខែ ឆ្នាំ២០២១ កម្ពុជានាំស្រូវចេញ ទៅក្រៅប្រទេស ជិត២លានតោន អង្ករជាង១៥ម៉ឺនតោន

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២១នេះ កម្ពុជានាំស្រូវចេញទៅក្រៅប្រទេស ចំនួន១ ៨៧៣ ៧៧៩តោន និងអង្ករ ចំនួន១៥៣ ៦៨៨តោន។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក វេង សាខុន នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា រយៈពេល៣ខែ ឆ្នាំ២០២១ លទ្ធផលនៃការនាំចេញស្រូវ និងអង្ករ ទៅក្រៅប្រទេស ដែលក្រសួងកសិកម្ម ទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database)។

លោកបន្ដថា «ក្នុងរយៈពេល៣ខែ ឆ្នាំ២០២១នេះ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងថៃ ចំនួន១ ៨៧៣ ៧៧៩តោន កើនឡើងចំនួន ៩៩៨ ២៩៧តោន ប្រៀបធៀបរយៈ ពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលមានតែចំនួន ៨៧៥ ៤៨២តោនតែប៉ុណ្ណោះ ដែលក្នុងនោះការនាំចេញផ្លូវការមាន ចំនួន ៦៥៨ ៣៥០តោន កើនឡើងចំនួន ៦៣២ ២៥០តោន (ការនាំចេញស្រូវផ្លូវការឆ្នាំ២០២០ មានចំនួន ២៦ ១០០តោន) និងការនាំចេញស្រូវក្រៅផ្លូវការមានចំនួន ១ ២១៥ ៤២៩តោន កើនឡើងចំនួន ៣៦៦ ០៤៧តោនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០»។

លោកបន្ថែមថា «បរិមាណអង្ករនាំចេញ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២១ ចំនួន ១៥៣ ៦៨៨តោន មានការថយចុះចំនួន ៧៧ ២៦០តោន (-៣៣,៤៥%) តិចជាងបរិមាណនាំចេញ ក្នុងរយៈពេល៣ ខែឆ្នាំ២០២០ ដែលមានចំនួន ២៣០ ៩៤៨តោន។ បើប្រៀបធៀបការនាំចេញអង្ករ ក្នុងខែមីនា ដូចគ្នាឃើញថា នៅឆ្នាំ២០២១ មានចំនួន ៧៧ ៤៦៦តោន មានការថយចុះចំនួន ១៦ ៩៨៣តោន (-១៧,៩៨%) តិចជាងបរិមាណនាំចេញ ក្នុងខែមីនា ឆ្នាំ២០២០ ដែលមានចំនួន ៩៤ ៤៤៩តោន»។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីកសិកម្ម លើកឡើងថា រយៈពេល៣ខែ ឆ្នាំ២០២១ មានក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន បាននាំអង្ករចេញទៅកាន់ទិសដៅចំនួន ៤១ប្រទេស ក្នុងនោះ ប្រទេសចិនឈរលំដាប់ទី១៕

To Top