Covid-19

ប្រមុខការពារជាតិ៖ សម្តេចតេជោកំពុងបន្ត ប្រើគ្រប់លទ្ធភាព ដើម្បីស្វែងរកវ៉ាក់សាំង បន្ថែមចាក់ជូនប្រជាពលរដ្ឋ ឱ្យបានជាង១០លាននាក់

ភ្នំពេញ៖ សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្រោមកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ និងការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងមានលទ្ធភាពទទួលបាន វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដើម្បីចាក់ជូនបងប្អូន ជនរួមជាតិ របស់យើង ទោះបីជា ការផ្គត់ផ្គង់វ៉ាក់សាំង នៅមានកម្រិតបំផុត ទាំងក្នុងតំបន់និងពិភពលោក។

តាមរយៈ គេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ មេសានេះ សម្ដេចពិជ័យសេនាទៀ បាញ់បានសង្កត់ធ្ងន់ថា “សម្តេចតេជោ ក៏បាននិងកំពុងបន្តប្រើគ្រប់លទ្ធភាព ដើម្បីស្វែងរកវ៉ាក់សាំងបន្ថែម ក្នុងបំណង ចាក់ជូនប្រជាពលរដ្ឋ ឱ្យបានជាង១០លាននាក់”។

សូមជម្រាបថា រហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន៣ប្រភេទ ជិត៣លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ រួមមាន៖ ទី១-វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិន ,ទី២-វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីក្រុមហ៊ុនចិន និងទី៣- វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភលោក៕

To Top