ព័ត៌មានជាតិ

ប្រតិបត្តិការ ត្រួតពិនិត្យ វិធានការរដ្ឋបាល ក្នុងភូមិសាស្រ្តរាជធានី អាជ្ញាធរ ឃាត់យានយន្ត ជាង៣០គ្រឿង

ភ្នំពេញ៖ ការអនុវត្តវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញនៅរាត្រីថ្ងៃទី២ មេសា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួន យ៉ាងសកម្មបំផុត និងឈានដល់ការឃាត់យានយន្ត ទៅរក្សាទុក ជាង៣០គ្រឿង និងបានឲ្យអ្នកបើកបរ ទៅធ្វើចត្តាឡីស័កនៅផ្ទះ។

ដើម្បីគ្រប់គ្រងសភាពការណ៍ ទូទៅក្នុងរាជធានីភ្នំពេញ ដែលចាប់ផ្ដើមអនុវត្តវិធានការ រដ្ឋបាលរបស់រដ្ឋបាល រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ពីថ្ងៃទី១មេសា ដល់ថ្ងៃ១៤ មេសានោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២ ខែមេសា បានចុះធ្វើការត្រួតពិនិត្យ នៅតាមទីតាំង របស់គណៈបញ្ជាការឯកភាព ខណ្ឌនីមួយៗ នៅទូទាំង រាជធានីភ្នំពេញ ដើម្បីធ្វើការនាំណែ ឱ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់ អនុវត្តការងារ ឱ្យមានប្រសិទ្ធភាព តាមសេចក្ដីសម្រេច ស្តីពីការអនុវត្តវិធានការ រដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ-១៩ របស់អាជ្ញាធរ រាជធានីភ្នំពេញ ដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ មេសា ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។

ក្នុងការចុះពិនិត្យនោះ លោក ឃួង ស្រេង បានធ្វើការណែនាំ ទៅអាជ្ញាធរខណ្ឌ និងកម្លាំងចម្រុះ ចំណុះឲ្យគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ជាប្រជាពលរដ្ឋ ដែលមកពីបំពេញការងារ ក្នុងគោលបំណងទៅផ្ទះវិញ ត្រូវឱ្យបង្ហាញ កាតសំគាល់ខ្លួន ដែលចេញដោយក្រុមហ៊ុន រួចអោយទៅចុះ និងត្រូវណែនាំឲ្យបាន យល់សេចក្ដីសម្រេច ស្តីពីការអនុវត្តវិធានការ រដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ បើមិនចាំបាច់ កុំធ្វើដំណើរពេលយប់។

យោងតាមសេចក្ដីរាយការណ៍ របស់មន្ត្រីរដ្ឋបាល រាជធានីភ្នំពេញបញ្ជាក់ថា ខណ្ឌទាំង១៤ ក្នុងមួយខណ្ឌ បានដាក់គោលដៅ ចំនួន២កន្លែង ដែលដឹកនាំដោយ អភិបាលខណ្ឌ ជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌនីមួយៗ ផ្ទាល់តែម្ដង។

ក្នុងប្រតិបត្តិការនោះ នៅគោលដៅ ផ្លូវចោមចៅ ឬផ្លូវ វេងស្រេង បានដកហូតម៉ូតូ ចំនួន១៣គ្រឿង មករក្សាទុកជាបណ្តោះ អាសន្ន នៅអធិការនគរបាលខណ្ឌ។ ក្រៅពីនេះ មានតែរថយន្តធំៗ រថយន្តដឹកទំនិញ បងប្អូនអញ្ជើញមកពេទ្យ រថយន្តរបស់អង្គទូត អង្គការ និងបងប្អូនកម្មករ កម្មការិនី ដែលចេញមកពីបំរើការងារ មានកាតនិងលិខិតស្នាមត្រឹមត្រូវ បានអនុញ្ញាត ឲ្យធ្វើចរាចរណ៍ជាធម្មតា។

ដោយឡែក នៅក្នុងមូលដ្ឋានខណ្ឌទួលគោកវិញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ក៏បានដាក់គោលដៅ២គោលដៅ ដោយកម្លាំងសមត្ថកិច្ច បានឃាត់ម៉ូតូ ចំនួន១៦គ្រឿង ឃាត់រថយន្ត ចំនួន៤ គ្រឿង ។ សរុបចំនួន២០ គ្រឿង យកមករក្សាទុក នៅអធិកាដ្ឋាននគរបាល ខណ្ឌទួលគោកជាបណ្តោះអាសន្ន៕

To Top