ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន៖ សូមបញ្ឈប់ការផ្ដល់ វ៉ាក់សាំង ជូនអ្នកខាងក្រៅ គ្មានឈ្មោះក្នុងបញ្ជី អាទិភាព ជាបន្ទាន់! (Video)

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោក ស្រីឱ វណ្ណឌីន ក្នុងនាមជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានណែនាំដល់ក្រុមអនុគណ:កម្មការតាមក្រសួង ស្ថានប័ននានា សូមបញ្ឈប់ជាបន្ទាន់ នូវការផ្ដល់វ៉ាក់សាំង ជូនអ្នកខាងក្រៅ គ្មានឈ្មោះក្នុងបញ្ជីអាទិភាព ដែលសម្ដេចតេជោ ហ៊ុន សែន បានសម្រេចកន្លងមក។

តាមរយៈ សារ ជាសម្លេងរបស់លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «តាមការតាមដានរបស់ខ្ញុំ ក្រសួង មួយចំនួនមិនបាន អនុវត្តន៍ទៅតាមគោលដៅនោះទេ! ចឹងខ្ញុំសូមជំរាបជូនម្ដងទៀត សុំអោយឯកឧត្ដម លោក ជំទាវ ដែលជាប្រធាន អនុកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌក្រសួង សូមយកចិត្តទុកដាក់អោយមែនទែនលើបញ្ហានេះ ហើយមិនត្រូវអនុញ្ញាតអោយមាន ការយកបុគ្គលណាផ្សេង ក្រៅពីមន្រ្តីរាជការ ស៊ីវិល ដែលស្ថិតក្នុងក្របខណ្ឌក្រសួងសាមីុនោះទេ »។

លោកស្រីបញ្ចាក់បន្ថែមថា ពីព្រោះក្រសួងនីមួយៗ សុទ្ធតែមានធ្វើបញ្ជីឈ្មោះ មក កវក១៩ ចឹងកវក១៩ ផ្អែកលើ បញ្ជីឈ្មោះដែលប្រធានស្ថាប័ន បានផ្ញើរមកនេះដើម្បីធ្វើការ បែកចែកវ៉ាក់សាំង ហើយនៅពេលដែលចាក់វ៉ាក់សាំង គឺអស់ហើយគ្មាននៅសល់ទៀតទេ! ប្រសិនបើក្រសួងនីមួយៗចេះតែ យកបុគ្គលផ្សេងដែលមិនមែនជា មន្រ្តី បុគ្គលិករបស់ខ្លួនយកមកចាក់ ធ្វើអោយចំនួនវ៉ាក់សាំងដែលយើងគ្រោងផ្ដល់ មន្រ្តីរាជការ ស៊ីវិល ដែលស្ថិតនៅក្រោមក្រសួងនីមួយៗនេះមិនមានវ៉ាក់សាំងគ្រប់ទេ

លោកស្រីសង្កត់ធ្ងន់ថា « ចឹងចាប់ពីស្អែកទៅខ្ញុំសូមបញ្ជាជាដាច់ខាត ពីព្រោះនេះជារឿងធំណាស់ មិនមែនជារឿងតូចតាចទេ សូមឯកឧត្ដម លោក ជំទាវ ដែលជាប្រធាន អនុកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នេះសូមយកចិត្តទុកដាក់ខ្ពស់មែនទែន» ។

លោកស្រីបន្ថែមថា យើងជួយទាំងអស់គ្នា ពីព្រោះមិនមែនជារឿងស្រួល ដូចជាការគិតរបស់យើងនោះទេ វ៉ាក់សាំងមានតែ១លាន៥សែនដូសទេ ហើយគោលដៅត្រូវចាក់មានតែ ៧៤ ម៊ឺន៥ពាន់នាក់ទេ។ ហើយក្នុងចំណោមនេះគឺទុកអោយបងប្អូនកម្មករ កម្មការី ១០ម៊ឺននាក់ទៅហើយ នៅសល់ប៉ុន្មានទៀត យើងគិតទៅតាមស្ថាប័ននីមួយៗ ហើយក៏មានវិស័យឯកជនដែលត្រូវទទួលបាន វ៉ាក់សាំងនេះផងដែរ។

លោកស្រីគួសបញ្ជាក់ថា «ប្រធាន អនុកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមក្រសួងនីមួយៗនេះត្រូវតែធានាថាបុគ្គលិក មន្រ្តីរាជការរបស់ខ្លួនគឺដល់វេន ដែលត្រូវចាក់នេះ គឺពួកគាត់ត្រួវអនុញ្ញាតអោយចាក់ ដោយមិនអោយយកបុគ្គលណាផ្សេង ក្រៅពីបុគ្គលិកមន្ត្រី រាជការ ស៊ីវិល ដែលមានការអនុញ្ញាតហើយក៏មានការដាក់ផ្សាយ ជាសាធារណៈ»៕

To Top