ព័ត៌មានជាតិ

កម្ពុជា ជាប្រទេសដំបូងបង្អស់ ដែលផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដល់មន្រ្តីការទូត បរទេស

ភ្នំពេញ៖ ស្ថានទូតព្រុយណេប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសដំបូងបង្អស់ ដែលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដល់សហគមន៍ការទូត ខណៈវ៉ាក់សាំងនេះមានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។នេះបើយោងតាមខ្លឹមសារលិខិត ដែលស្ថានទូតបរទេស និងអង្គការដៃគូរអភិវឌ្ឍន៍ជាច្រើនប្រចាំកម្ពុជា ផ្ញើរថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យមន្ត្រីក្នុងស្ថាប័នខ្លួនទទួលបានវ៉ាក់សាំងកូវីដ១៩។

យោងតាមលិខិត របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថាបណ្ដាស្ថានទូតបរទេស និងអង្គការដៃគូរអភិវឌ្ឍន៍ជាច្រើនដែលប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យមន្ត្រីក្នុងស្ថានទូត និងស្ថាប័នរបស់ខ្លួន ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (AstraZeneca) ដូចប្រជាពលរដ្ឋខ្មែរទូទៅ ជាមួយនឹងការបញ្ជាក់ថា «កម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ» គឺជាការពិត។

ខ្លឹមសារលិខិតបានបញ្ជាក់ថា ស្ថានទូតព្រុយណេប្រចាំកម្ពុជា ដែលជាប្រធានអង្គទូតប្រចាំកម្ពុជា និងអង្គទូតនានា ដូចជា បារាំង វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏ដូចជាអង្គការដៃគូរអភិវឌ្ឍន៍មួយចំនួនទៀត បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យសហគមន៍ការទូតប្រចាំកម្ពុជា ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca (Covishield)។

តាមរយៈកំណត់ទូតរបស់ស្ថានទូតព្រុយណេប្រចាំកម្ពុជា បានលើកឡើងថា «ស្ថានទូតព្រុយណេជឿជាក់ថា កម្ពុជាជាប្រទេសដំបូងបង្អស់ ដែលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដល់សហគមន៍ការទូត ខណៈពេលដែលវ៉ាក់សាំងនេះមានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ»។

បណ្ដាអង្គទូតប្រចាំកម្ពុជាទាំងនោះ បានលើកឡើងទៀតថា ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលថា «កម្ពុជាជាប្រទេសតូចតែមានបេះដូងធំ» គឺជាការពិត។

សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីការសម្រេចអនុញ្ញាតឱ្យជនបទេសនៅកម្ពុជា ដែលជាមន្ត្រីការទូត មន្ត្រីរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងមន្ត្រីអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយឥតគិតថ្លៃដូចប្រជាពលរដ្ឋខ្មែរទូទៅ។

មិនតែប៉ុណ្ណោះ ពួកគេក៏មានសិទ្ធិក្នុងការជ្រើសរើសយកវ៉ាក់សាំងដែលខ្លួនពេញចិត្តផងដែរ ក្នុងនោះមានវ៉ាក់សាំង Astra Zeneca និងវ៉ាក់សាំង Sinopharm។ ប្រការនេះបានស្ដែងឱ្យឃើញថា «ថ្វីដ្បិតជាប្រទេសតូច តែកម្ពុជាគឺពិតជាមានទឹកចិត្តធំធេងណាស់»៕

To Top