ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបាន បដិសេធចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានប្រឌិតអំពីមរណភាព របស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
ការចេញមកច្រានចោលរបស់អគ្គស្នងការដ្ឋាន ដោយសារថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានជនអគតិបានបង្កើតគណនីហ្វេសប៊ុកបង្ហោះ រូបភាពកែច្នៃនិងខ្លឹមសារព័ត៌មានមិនពិតដោយបំភ្លៃថា នាយឧត្តមសេនីយ៍ នេត សាវឿនបានទទួលមរណភាព។ ការផ្សព្វផ្សាយនេះផ្ទុយពីការពិតទាំងស្រុង ខណៈបច្ចុប្បន្ននាយឧត្តមសេនីយ៍ នេត សាវឿន មានសុខភាពរឹងមាំ បាននិងកំពុងបញ្ជាដឹកនាំកម្លាំង នគរបាលជាតិទូទាំងប្រទេស ក្នុងប្រតិបត្តិការក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមជាពិសេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមកូវីដ-១៩ ក៏ដូចជាក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ នេះបើតាមលិខិតរបស់ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃ៤ មេសា។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបន្តថា “សូមប្រកាសបដិសេធន៍ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិតដែលមិនត្រឹមតែប្រមាថដល់កិត្តិយស អាយុជីវិតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងនគរបាលជាតិប៉ុណ្ណោះទេ គឺថែមទាំងមានចេតនា បង្កភាពវឹកវរក្នុងជួរកងកម្លាំងនគរបាលជាតិ និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមទៀតផង”។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសថ្កោលទោសដាច់អហង្ការការចំពោះទង្វើទុច្ចរិតគ្មានវិចារណញ្ញាណរបស់ជនអគតិទាំងនោះ និងស្នើអង្គភាពជំនាញបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកជនលល្មើស រួមទាំងបក្ខពួក និងមេក្លោងយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
ជាមួយគ្នានេះ អ្នកនាំពាក្យអំពាវនាវកុំឲ្យសាធាណជន ចូលរួមចែករំលែកព័ត៌មានក្លែងក្លាយនេះដើម្បីចៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវ របស់នាយកដ្ឋានជំនាញ និងអាចប្រឈមមុខចំពោះការអនុវត្តគោលការណ៍ ជំនាញរបស់មន្ត្រីអនុវត្តច្បាប់៕