ព័ត៌មានជាតិ

អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ ឆ្លើយតបមតិរិះគន់មហាជន ជុំវិញការស្ថាបនាជួសជុល ស្ពានមុន្នីវង្សចាស់

ភ្នំពេញ៖បន្ទាប់ពីមានមតិមហាជនលើកឡើង ជុំវិញការស្ថាបនាស្ពានព្រះមុន្នីវង្សចាស់ ដែលបង្កជាការកកស្ទះចរាចរ នៅចំណុចស្ពានអាកាសក្បាលថ្នល់ នៅរាត្រីថ្ងៃទី៨  ខែមេសាឆ្នាំ២០២១នេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឆ្លើយតប ដោយបានបញ្ជាក់ថា បើទោះបីជាការដ្ឋាន ត្រូវធ្វើតែពេលយប់ហើយផ្អាកការស្ថាបនាពេលថ្ងៃ ក៏នៅតែមិនអាចបើកស្ពាន ឲ្យមានចរាចរណ៍លើការដ្ឋានបានដែរ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើការបកស្រាយភ្លាមៗក្រោយផ្ទុះការរិះគន់ ពីសំណាក់មហាជន និងបានទទួលស្តាប់ ការលើកឡើងជាយោល់ទាំងអស់ ប៉ុន្តែទោះជាយ៉ាងណា តាមលក្ខខ័ណ្ណបច្ចេកទេស ក្នុងការស្ថាបនាស្ពាននេះ នៅតែមិនអាចធ្វើការផ្អាកពេលណាមួយបានឡើយ ជម្រើសមានតែខិតខំ សម្រុកការស្ថាបនាឲ្យបានរហ័ស និងបង្ខំចិត្តឲ្យមានការកកស្ទះត្រឹមរយៈពេល៣ថ្ងៃ ប្រសើងជាងអូសបន្លាយពេលយូរជាងនេះ 

អ្នកនាំពាក្យរូបនេះបានលើកឡើងថាការងារស្ថាបនាជួសជុលស្ពាននេះ គឺយើងជាលក្ខណៈបច្ចេកទេសគឺយើងត្រូវឈូស យើងត្រូវឆ្កឹះនូវកៅស៊ូចាស់ចេញ ហើយការងារដែលតាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលលោកបានបញ្ជាក់ គឺយើងត្រូវប្រើពេលវេលាធ្វើយ៉ាងមិច អោយបានលឿនជាទីបំផុត ដើម្បីកាត់បន្ថយការកកស្ទះចរាចរនេះ ដូចអ្វីដែលលោកលោកស្រីបានចូលរួមយោបល់នេះទៅហើយ

អ្នកនាំពាក្យដដែរនេះបានឲ្យដឹងថារយៈពេលបីថ្ងៃនេះក្រុមការងារ តាមរយៈការរំពៃមើលហើយនិងសម្រុកថាធ្វើយ៉ាងណាថាធ្វើឲ្យបានលឿន  រហ័សមិនអោយមានការអូសបន្លាយ ពេលជាងនេះទៀតទេ។យ៉ាងណាមិញចំពោះពេលវេលាត្រូវធ្វើនេះ  មិនអាចធ្វើនៅពេលព្រឹក ឬនៅពេលថ្ងៃទុកពេលយប់ឬធ្វើពេលយប់ទុកពេលថ្ងៃ ដែលមានន័យថាកិច្ចការនេះគឺយើងធ្វើ២៤ម៉ោង ទាំងពេលថ្ងៃនិងពេលយប់ហើយបើទោះបីជាយើង សម្រុកធ្វើតែពេលយប់ផ្អាកពេលថ្ងៃ ក៏ពេលថ្ងៃនេះមិនអាចបើកអោយនៅដំណើរការនូវយាន្តជំនិះអ្វីផ្សេងៗ នៅលើការដ្ឋានដែលបានឈុសឆាយ កំពុងតែធ្វើនេះទេ

អ្នកនាំពាក្យបានបញ្ចាក់ថាយើងគ្មានជម្រើសដែលយើងត្រូវបើក នៅពេលថ្ងៃក៏ប៉ុន្តែផ្ទុយមកវិញ យើងត្រូវសម្រុកធ្វើទាំងយប់ទាំងថ្ងៃ ដែលយើងគិតថាជាកិច្ចការ ចំណេញពេលវេលា ហើយបានកាត់បន្ថយការកកស្ទះចរាចរ មិនលើសពីរយៈពេល៣ថ្ងៃ 

ជាមួយនឹងកិច្ចការនេះដែរលោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបន្ថែមនូវសាឡងសម្រាប់ឆ្លងជាជម្រើស សម្រួលបន្ថែមមួយជម្រើសទៀត ពីទីតាំងកោះនរាយ ឡើងចុះមកកោះពេជ្រដើម្បីរួមចំណែកមួយ ក្នុងការចូលរួមកាត់បន្ថយ  ការកកស្ទះមួយអន្លើដែរ ក្នុងពេលដែលធ្វើការស្ថាបនានេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញក៏បានសុំការអធ្យាស្រ័យនិងសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ទាំងអស់ផងដែរខណៈដែលមានកម្លាំងសមត្ថកិច្ចក៏បានធ្វើការយ៉ាងមមាញឹកក្នុងការសំរួលចរាចរជូនផងដែរ៕

To Top