ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារ នាំយកស្បៀង ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ជាប់ពាក់ព័ន្ធ ដោយប្រយោល ជាមួយបុគ្គលវិជ្ជមាន ជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស

ភ្នំពេញ ៖ នាព្រឹក ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀង ដើម្បីឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ១៣គ្រួសារ ស្មើនឹង៣៣នាក់ (ស្រី១៦នាក់) ដែលកំពុងធ្វើចត្តាឡីស័ក តាមផ្ទះរៀងខ្លួន និងបានទទួលការយក សំណាកលើកទី១ ក្នុង ភូមិព្រែករ ទាំង៥គ្រួសារ ភូមិស្រីស្នំ១គ្រួសារ និងភូមិក្រាំងស្វាយ២គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ពលរដ្ឋទាំងនេះ គឺបានជាប់ពាក់ព័ន្ធ ដោយប្រយោល ជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារអូរឬស្សី ។ ជាមួយគ្នានោះ ក៏បានឧបត្ថម្ភស្ករគ្រាប់ចំនួន ៥០កេស ដើម្បីចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ព្រមទាំងក្រុមការងារ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងក្រុមការងារ យុវជនផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក តាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់ នៅដាច់ដោយឡែក បន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ផងដែរ៕

To Top