ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើងឡើកថា អ្នកដែលទទួលបានការអនុញ្ញាតពីសមត្ថកិច្ច ឲ្យធ្វើដំណើរក្នុងករណីចាំបាច់ណាមួយ បើយកទៅប្រើប្រាសក្នុងគោលបំណងផ្សេង គឺជាការបំពានវិធានការរដ្ឋបាល ដែលអ្នកនឹងប្រឈមនឹងការទទួលទណ្ឌកម្ម ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៧ មេសានេះ លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា «រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាត ពីសមត្ថកិច្ចប្រចាំនៅគោលដៅ! សូមចងចាំថា ក្នុងករណីដែលអ្នកទទួលបានការអនុញ្ញាត អោយធ្វើដំណើរក្នុងគោលបំណងចាំបាច់ណាមួយ ដែលអ្នកបានអះអាងជូនដល់សមត្ថកិច្ចនោះ អ្នកត្រូវគោរពអនុវត្តអោយបានត្រឹមត្រូវ តាមគោលបំណងនៃការធ្វើដំណើរនោះ ហើយពេលបំពេញតម្រូវការរួច ត្រូវវិលត្រឡប់ចូលផ្ទះអ្នកវិញ! រាល់ការប្រើប្រាស់ការអនុញ្ញាត របស់សមត្ថកិច្ចក្នុងគោលបំណងផ្សេង គឺជាការបំពានវិធានការរដ្ឋបាល ដែលអ្នកនឹងប្រឈមនឹងការទទួលទណ្ឌកម្ម!» ។
សូមរំលឹកថាក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត។ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវចាត់ទុកជាភូមិសាស្រ្តតែមួយ ដែលត្រូវបានបិទខ្ទប់៕