ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការចែរំលែក វ៉ាក់សាំងចិន ជូនកម្ពុជា បង្ហាញយ៉ាងច្បាស់ អំពីចំណងមិត្តភាពដែកថែប ប្រៀបដូចបងប្អូន រវាងប្រទេសទាំងពីរ។
យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១៧មេសានេះបានឱ្យដឹងថាស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ទោះបីជាប្រទេសចិន ស្ថិតក្នុងស្ថានភាព ដែលមានតម្រូវការ វ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាម តម្រូវការបញ្ជាទិញ របស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាព ដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ស្ថានទូតចិននៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែក យ៉ាងសកម្ម ជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធ ប្រឆាំងជំងឺវីរុសកូវីដ-១៩ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ ប្រទេសកម្ពុជាហើយ។
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១មានចំនួន ១.៥លានដូសត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ។
វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយ បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា បាននិងកំពុងស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវ វ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូន ប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៣លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ១.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។ តាមរយៈវ៉ាក់សាំងដែលកម្ពុជាទទួលបាននោះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋបានជាង ១.២លាននាក់ហើយ៕