ព័ត៌មានជាតិ

អភិបាលរាជធានី បន្តយកអំណោយ ចែកជូនពលរដ្ឋ ដើម្បីសម្រួលការលំបាក ក្នុងអំឡុងពេលបិទខ្ទប់

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាត ចំនួន ១.០០០គ្រួសារ មកពីសង្កាត់ទាំងប្រាំបី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ការនាំយកអំណោយ ចែកជូនពលរដ្ឋ នៅខណ្ឌច្បារអំពៅនេះ ធ្វើឡើង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវលេខ៣៦៩ ជាប់ផ្សារបន្លែច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយមាន ប្រជាពលរដ្ឋចូលរួម ប្រមាណ២៥០ នាក់ប៉ុណ្ណោះ ជាមួយនិងការរក្សាគម្លាត សុវត្ថិភាពល្អប្រសើរ ។ ដោយឡែកប្រជាពលរដ្ឋ ជាង៧០០គ្រួសារទៀត អាជ្ញាធរច្បារអំពៅ ជាអ្នកចែកបន្ត ។

លោក ឃួង ស្រេង បានលើកឡើងថា ការបិទខ្ទប់ភូមិដ្ឋានរបស់បងប្អូន ជាការសម្រេចចិត្ត ដ៏លំបាកបំផុតរបស់រាជរដ្ឋាភិបាល ។ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់យោគយល់ និងចូលរួម ជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ពិសេសត្រូវរក្សាអនាម័យ ឱ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។

លោកបន្តទៀតថា បើបងប្អូនមានអត់ធ្មត់ ចូលរួមជាមួយរាជរដ្ឋាភិបាល អោយបានល្អប្រសើរ ជុំវិញការបិទខ្ទប់ រហូតកាត់ផ្ដាច់ជម្ងឺកូវីដ-១៩ បាន នោះរដ្ឋាភិបាល និងបើកក្រុងឡើងវិញ ហើយនៅពេលបើកឡើងវិញ មិនមានប្រឈមនិងជម្ងឺកូវីដ-១៩ នោះកម្ពុជាយើង នឹងដំណើរការប្រសើរឡើងវិញ ជីវភាពប្រជាពលរដ្ឋ ក៏ប្រសើរឡើងវិញ ព្រមៗគ្នាផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ថា មានជនអគតិមួយចំនួន បានតែស្រែក ពេលមានបញ្ហាលំបាក មិនដែលឃើញមុខពួកគេនោះ ចុះមកជួយប្រជាពលរដ្ឋទេ មានតែសម្ដេចតេជោទេ ដែលបាននៅជាមួយ ប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះបីស្ថិតក្នុងស្ថានភាព គ្រោះថ្នាក់បែបណាក៏ដោយ។

ជាក់ស្តែង សម្រាប់សភាពការណ៍ពេលនេះ សម្ដេចតេជោ បានចាត់ចែងឱ្យ អាជ្ញាធរ ចុះចែកគ្រឿងឧបភោគបរិភោគភ្លាមៗជូនដល់ប្រជាពលរដ្ឋ នៅតំបន់ត្រូវបិទខ្ទប់ និងចុះសុខទុក្ខ ប្រជាពលរដ្ឋជាប្រចាំ បើមានការខ្វះខាតអ្វី ជួយភ្លាមតែម្តង ដោយមិនទុក អោយអត់បាយឡើយ។

គួរបញ្ជាក់ថា អំណោយដែលប្រគល់ជូន ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ មានជីវភាពខ្វះខាត ខាងលើនេះ មានចំនួន ១.០០០គ្រួសារ មកពីសង្កាត់ទាំងប្រាំបី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ មីមួយកេស ត្រីខមួយយួរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top