Covid-19

ព្រះមហាក្សត្រ និងសម្ដេចយាយប្រទាន ព្រះរាជអំណោយ ជូនប្រជានុរាស្រ្ត រស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជានិច្ចអំពីជីវភាព និងសុខទុក្ខ ក្នុងការរស់នៅរបស់ប្រជានុរាស្រ្តក្នុងតំបន់ក្រហម នៃរាជធានីភ្នំពេញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជអំណោយជូនប្រជានុរាស្រ្ត រស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។

ក្នុងពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតី សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ជាមួយគ្នានោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ។

លោក ឃួង ស្រេង មាប្រសាសន៍ថា ទូលព្រះបង្គំជាខ្ញុំ សូមថ្លែងអំណរ ព្រះរាជគុណយ៉ាង ជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជអំណោយ តាមរយៈ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង រួមមានអង្ករ ៥០តោន មី ចំនួន ២.០០០កោសតូច, ត្រីខ ចំនួន២,០០០យួរ ទឹកសុទ្ធ៣០០កេស និងមាស់៤កេសធំ (ស្មើ១២,០០០បន្ទះ) សម្រាប់ចែកជូន ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក រស់នៅក្នុង តំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ ។

លោកអភិបាល រាជធានីភ្នំពេញបន្តថា ព្រះរាជអំណោយ ដ៏ថ្លៃថ្លាខាងលើ ពិតជាបានរួមចំណែក ដល់ការទំនុកបម្រុង ជាស្បៀងដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីការរាតត្បាត នៃជំងឺកវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១ នៅរាជធានីភ្នំពេញ និងបានបង្ហាញ ឱ្យឃើញពីទឹកព្រះទ័យមនុស្សធម៌ របស់សម្ដេចព្រះមហាក្សត្រី ដែលជានិច្ចជាកាល ព្រះអង្គតែងតែបរិច្ចាគ នូវទ្រព្យធន និងជំនួយឧបត្ថម្ភផ្សេងៗ សំដៅជួយដោះស្រាយ នូវជីវភាព​ របស់ប្រជាពលរដ្ឋទីទ័លក្រ នៅទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ឃួង ស្រេង បានសូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម ព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីព្រះអង្គគង់ប្រថាប់ ដ៏សែនសុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរ ជាកូនចៅរបស់ព្រះអង្គ ជ្រកកោនជាយូរអង្វែង តរៀងទៅ។

លោក ឃួង ស្រេង ជាមួយគ្នានោះ ក៏បានថ្លែងអំណរ ព្រះរាជគុណយ៉ាង ជ្រាលជ្រៅបំផុតផងដែរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សម្ដេចព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះរាជសព្ទសាធុការពរបវរ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមាន ព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីព្រះអង្គគង់ប្រថាប់ ដ៏សែនសុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរ ជាកូនចៅរបស់ព្រះអង្គ ជ្រកកោនជាយូរអង្វែងតរៀងទៅ ។

ដោយព្រះអង្គ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជអំណោយ តាមរយៈសម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួង ព្រះបរមរាជវាំងផងដែរ ដោយរួមមាន អង្ករ៥០តោន, មី ២.០០០កេសតូច, ត្រីខ ២,០០០យូរ ទឹកសុទ្ធ៣០០កេស សម្រាប់ចែកជូន ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក រស់នៅក្នុង តំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងអង្ករ៥តោន, មី ៣០០កេសតូច, ត្រីខ៣០០យួរ ទឹកសុទ្ធ៥០កេស សំរាប់ចែកជូន កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដែលកំពុងបំពេញភារកិច្ច តាមគោលដៅត្រួតពិនិត្យ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top