ភ្នំពេញ ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងថា ប្រឈម នឹងស្ថានការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន កម្លាំងសាមគ្គីរបស់មន្ត្រី និងប្រជាពលរដ្ឋ ក្នុងការពុះពារជំនះរាល់ការលំបាក ដើម្បីរក្សាប្រក្រតីភាពជីវភាពនៅមូលដ្ឋាន គឺពិតជាចំណែកដ៏ស័ក្តិសិទ្ធិ នៃការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ។
ក្នុងពិធីប្រកាស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក ព្រុំ សុខា បានឱ្យដឹងថា ភាពតស៊ូអត់ធ្មត់ នឹងពោរពេញដោយឆន្ទៈមោះមុត និងការលះបង់របស់មន្ត្រី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេចភារកិច្ចប្រកបដោយការទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងកូវីដ-១៩ កំពុងក្លាយជាមូលដ្ឋានស្នូលនៃសាមគ្គីភាព និងភាពធន់របស់សង្គមជាតិ។
លោក បញ្ជាក់ថា «កម្លាំងសាមគ្គីជាតិនេះ មិនត្រឹមតែវាយបកធ្វើឱ្យសាបរលាបនូវរាល់ឧបាយកលល្បិចកល នៃមជ្ឈដ្ឋានអគតិឱកាសនិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតនូវជំនឿជាក់ មោះមុតរបស់ប្រជាជនមកលើ រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ»។
លោក បន្ដថា «យើងជឿជាក់ដាច់ខាត ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ១៩ ដើម្បីនាំសង្គមជាតិយើងត្រឡប់ទៅកាន់ ប្រក្រតីភាពជាធម្មតាឡើងវិញ ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព របស់ប្រទេសជាតិយើងតទៅអនាគត»៕