ភ្នំពេញ ៖ លោក សែន បញ្ញា និងអ្នកស្រី អុីន វីរលក្ខិណា ទាំងពីរនាក់ប្តីប្រពន្ធ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកសម្ភារៈប្រើប្រាស់ សម្រាប់ទារក និងកុមារតូចៗ មកចែកដល់ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងឈរតម្រងជួរ ដើម្បីរងចាំយកកូនៗ របស់ពួកគេ ចូលព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា សាខាវត្តភ្នំ ។

ការនាំយកអំណោយ ជាសម្ភារៈប្រើប្រាស់ សម្រាប់ទារកនិងកុមារនេះ ធ្វើឡើងស្របពេល ជាមួយនឹងព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ជាមួយគ្នានោះ លោក សែន បញ្ញា បានលើកឡើងថា នេះជាទឹកចិត្ត សម្រាប់ជួយសម្រាលទុក្ខលំបាកខ្លះ ដល់បងប្អូនដែលជាឪពុកម្តាយទារក និងកុមារ មកពីតំបន់នានា ដែលមានការព្រួយបារម្ភ ពីសុខភាពកូនៗ ដោយត្រូវមកព្យាបាល នៅមន្ទីរពេទ្យ ។
លោកក៏បានលើកឡើងដែរថា ដោយសារតែលោកយល់ច្បាស់ ពីទឹកចិត្តឪពុកម្តាយនានា នៅពេលដែលកូនៗ ជាទីស្រលាញ់មានជំងឺ ហើយត្រូវព្យាបាល ពិតជាមានការលំបាក ទាំងផ្លូវកាយនិងផ្លូវចិត្ត បើទោះបីជាអ្នកទាំងអស់គ្នា ទទួលបានការព្យាបាល ដោយមិនមានការចំណាយប្រាក់ យ៉ាងណាក៏ដោយ តែក៏នូវមានផងប៉ះពាល់ខ្លះទាំងអារម្មណ៍ និងជីវភាពរបស់ពួកគេផងដែរ ។
លោក សែន បញ្ញា និងអ្នកស្រី អុីន វីរលក្ខិណា ក៏បានជូនពរដល់ក្មេងៗ ដែលមកទទួលការព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ឆាប់បានជាសះស្បើយ និងអាងបានត្រឡប់ ទៅគេហដ្ឋានជួបជុំគ្រួសារ ឆាប់ៗវិញផងដែរ៕








