ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ប្រាប់ទូតសិង្ហបុរីថា ក្រសួងកំពុងជំរុញការបង្កើត អត្តសញ្ញាណផលិត ផលជាតិ ដើម្បីផ្សព្វផ្សាយទៅកាន់ ពិភពលោកឲ្យបានស្គាល់។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ប្រចាំកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្ដិ បានលើកឡើង អំពីសក្តានុពល នៃផលិតផលកសិកម្មកម្ពុជា ដូចជា ៖ ស្វាយ ចេក មៀនប៉ៃលិន ម្រេចកំពត ធុរេន ដូង ស្រកានាគ និងអង្ករ ហើយស្នើសិង្ហបុរី ជួយសម្របសម្រួល ជាមួយក្រុមហ៊ុន របស់ខ្លួនក្នុងការនាំចូល ផលិតផលកសិកម្មពីកម្ពុជា ដើម្បី ធ្វើការផ្គូផ្គង ធុរកិច្ចរវាងកម្ពុជា-សិង្ហបុរី ដើម្បីលើកកម្ពស់ ការធ្វើ ពាណិជ្ជកម្ម នៅក្នុងអាស៊ាន។
លោកបញ្ជាក់ថា «ជំរុញឲ្យមានការអនុវត្តច្បាប់ យ៉ាងជាក់លាក់ ជាពិសេសត្រូវការពារនូវម៉ាក ពាណិជ្ជនាមរបស់ក្រុមហ៊ុនបរទេសធំៗ ដើម្បីជាការលើកទឹកចិត្ត ឲ្យមានការវិនិយោគនៅកម្ពុជា ។ ជាមួយនោះផងដែរក្រសួងពាណិជ្ជកម្ម ក៏បានជំរុញ ការបង្កើតអត្តសញ្ញាណ ផលិតផលជាតិ ដូចជា ផលិតផលសម្គាល់ ភូមិសាស្ត្រ ម៉ាកសមូហភាព និងម៉ាកវិញ្ញាតកម្ម ដើម្បីផ្សព្វផ្សាយទៅពិភពលោក ឲ្យបានស្គាល់»។
នាឱកាសនោះដែរ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី បានផ្លាស់ប្តូរយោបល់ លើវឌ្ឍនភាពពាក់ព័ន្ធ នឹងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ជាពិសេសនោះ ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញ និងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការទទួលតួនាទី ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផងដែរ៕


