ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្យល់ ២នាក់និងពលករខ្មែរ លួចឆ្លងដែនជាង ១០នាក់នៅស្រុក អូរជ្រៅ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ កំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងការ រឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។

ជាក់ស្តែងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២១ មេខ្យល់ចំនួន២នាក់ ត្រូវបានចាប់ខ្លួន មេខ្យល់ទី១ មានឈ្មោះ ពៅ បូរី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ  និងមេខ្យល់ទី២ ឈ្មោះ ម៉ៅ ដែន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបឹងប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មេខ្យល់ត្រូវបានចាប់ខ្លួននៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមជាមួយពលករខ្មែរចំនួន១៦នាក់ បំរ៉ុងលួចឆ្លងដែនចូលប្រទេសថៃ  ដឹកនាំដោយវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិរដ្ឋបាលឃុំអូរបីជាន់ និងកងរាជអាវុធហត្ថស្រុកអូរជ្រៅ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង កងពលតូចថ្មើរជើងលេខ៥១ ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានគូសបញ្ជាក់ថា កងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ បានដាក់ពង្រាយតាមបន្ទាត់ព្រំដែនជាច្រើនចំណុចសហការជាមួយកម្លាំងចម្រុះ ក្នុងគោលបំណងទប់ស្កាត់អោយខានតែបានការនាំពលករឆ្លងដែនខុសច្បាប់ ដោយកន្លងមកកងកម្លាំងជួរមុខនេះបានឃាត់ពលករឆ្លងចេញ-ចូលជាង១០០០នាក់ និងឃាត់បានមេខ្យល់ជាច្រើននាក់ផងដែរ៕

To Top