ភ្នំពេញ ៖ រសៀលថ្ងៃអាទិត្យ ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ បាននាំយកនូវថវិកា និងសម្ភារបរិក្ខាពេទ្យមួយចំនួន ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ ដែលមានការយល់ដឹងពីបញ្ហាកូវីត-១៩ ប្រចាំការិយាល័យសុខាភិបាលស្រុកពញាឮ មានដូចជា ឧបករណ៍តេស្តរហ័ស Panbio Covid-19 Ag Rapid Test Device, អាល់កុល, ម៉ាស់ N95, ស្រោមដៃ, របាំងមុខ, វ៉ែនតា, មួក, ស្រោមជើង និងខោអាវយកសំណាក សម្រាប់ចុះយកសំណាក អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។


គួរជម្រាបថា ចាប់តាំងពីមានការប៉ះពាល់ធ្ងន់ធ្ងរ នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបង្កឡើងដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តផ្សេងៗ និងនៅក្នុងស្រុកពញាឮ សរុបប្រមាណជាង ៥ ពាន់នាក់ ត្រូវបានធ្វើតេស្ត និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យទេពប្រណម និងអគារវប្បធម៌ស៊ុយសុផាន និងមួយចំនួនត្រូវដាក់ ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ។


ជាមួយគ្នានេះ ទីតាំងសាលាបឋមសិក្សាអដ្ឋរស្ស ស្ថិតក្នុងឃុំផ្សារដែក ដែលជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល បច្ចុប្បន្នបាននិងកំពុងទទួលព្យាបាលអ្នកជំងឺចំនួន ៧២នាក់ (ជាសះស្បើយចំនួន ១៤នាក់)។
ដោយឃើញនូវកំណើន នៃ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងស្រុកពញាឮ នៅតែបន្តមានការកើនឡើង និងដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់ផ្តាច់ការចម្លងក្នុងសហគមន៍ឲ្យបានឆាប់រហ័ស លោករដ្ឋមន្រ្តី លឹម គានហោ បានចាត់ឲ្យលោកអភិបាលស្រុកពញាឮ រៀបចំគ្រូពេទ្យមួយក្រុមបន្ថែមទៀត ដែលសព្វថ្ងៃកំពុងបម្រើការងារនៅការិយាល័យសុខាភិបាលស្រុកស្រាប់ ហើយមានការយល់ដឹងពីបញ្ហាកូវីដ-១៩ ចុះយកសំណាកធ្វើតេស្ត អ្នកពាក់ព័ន្ធទាំងអស់ តាមរយៈឧបករណ៍តេស្តរហ័ស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងកាត់ផ្តាច់ការចម្លង ក្នុងសហគមន៍ ដែលកំពុងរីករាលដាលកាន់តែច្រើន។



លោករដ្ឋមន្រ្តីនឹងបន្តឧបត្ថម្ភទាំងថវិកា និងសម្ភារបរិក្ខាពេទ្យជារៀងរាល់ខែ ដល់ក្រុមគ្រូពេទ្យ ដែលមានការយល់ដឹងពីបញ្ហាកូវីដ-១៩ ប្រចាំស្រុកពញាឮ រហូតដល់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់ ៕
