ភ្នំពេញ ៖ លោក ឈៀង ពេជ្រ អគ្គនាយកភស្តុភារកម្ម និងជាប្រធានឧត្តមន្រ្តីដឹកជញ្ជូនអាស៊ាន នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូ ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមវេទិកាសង្គមនីយកម្ម នៃក្របខ័ណ្ឌសម្រាប់ការធ្វើឱ្យប្រសើរឡើង ផលិតភាពហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (Socialization Forum of the Framework for Improving ASEAN Infrastructure Productivity)។

កិច្ចប្រជុំនេះរៀបចំឡើងដោយ លេខាធិការដ្ឋានអាស៊ាន ដែលមានប្រទេសព្រុយណេដារូសាឡឹម ជាអ្នកដឹកនាំ និងសម្របសម្រួលដោយក្រុមហ៊ុន Ernst & Young (EY) ដោយមានការគាំទ្រពីកម្មវិធីសហប្រតិបត្តិអភិវឌ្ឍន៍ អាស៊ាន-អូស្ត្រាលី និងមានការចូលរួមពីបណ្ដារដ្ឋជាសមាជិកអាស៊ាន តាមប្រព័ន្ធវីដេអូពីចម្ងាយ។
វេទិការនេះរៀបចំឡើង ក្នុងគោលបំណងធ្វើឱ្យអង្គភាពពាក់ព័ន្ធរបស់អាស៊ាន និងដៃគូខាងក្រៅពាក់ព័ន្ធ បានយល់ដឹងអំពីក្របខ័ណ្ឌនេះ ផ្តល់ជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធក្នុងការចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាបច្ចុប្បន្នទាក់ទងនឹងផលិតភាពហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ជួយឱ្យរដ្ឋជាសមាជិកអាស៊ានបង្កើតផែនការសកម្មភាពរបស់ខ្លួនដោយពិចារណាលើបញ្ហាប្រឈមជំងឺកូវីដ-១៩។
គួរកត់សម្គាល់ថា អាស៊ានស្ថិតនៅក្នុងបរិយាកាសមួយ ដែលចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈម ក្នុងការធ្វើឱ្យប្រសើរឡើងផលិតភាពទូទៅ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយគុណភាពការ អភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ការធ្វើសមាហរណកម្ម និងការតភ្ជាប់កាន់តែទូលំទូលាយ នៅក្នុងតំបន់ អាស៊ាន។ ដោយសារធនធានមានកម្រិត និងដោយពិនិត្យឃើញពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធដ៏ធំធេងនៅក្នុងតំបន់ អាស៊ានមិនត្រឹមតែចាំបាច់ក្នុងការបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធឱ្យបានច្រើនថែមទៀតប៉ុណ្ណោះ ទេ ប៉ុន្តែអាស៊ានថែមទាំងត្រូវបង្កើនផលិតភាពនៃហេដ្ឋារចនាសម្ព័ន្ធផងដែរ ៕


