ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញ ដាក់ឱ្យដំណើរការផ្សាររដ្ឋ ទាំង២៥ លក់ដូរឡើងវិញ ក្រោយពីបានបិទខ្ទប់ មិនឱ្យដំណើរការ តាំងពីអំឡុងខែ មេសាកន្លងមក ដើម្បីទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ទន្ទឹមនៃការបើកឲ្យដំណើរការឡើងវិញនេះ សង្កេតឃើញថា នៅតាមបណ្តាផ្សាររដ្ឋនានា នៅក្នុងរាជធានី បានដំណើរការលក់ដូរ ឡើងមមាញឹកឡើង ជាមួយនិងការអនុវត្ត នូវវិធានរបស់ក្រសួងសុខាភិបាល និងការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ។
ដើម្បីអនុវត្តវិធានសុខាភិបាល ក្នុងថ្ងៃបើកផ្សារលក់ឡើងវិញនេះ ឲ្យដំណើរការ ទៅបានរលូន ជៀសបាននូវការឆ្លងកូវីដ-១៩ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានី បានចុះត្រួតពិនិត្យស្ថានភាព ក្នុងផ្សាទួលទំពូង នៅខណ្ឌចំការមន និងបានជម្រុញ ឱ្យគណៈកម្មការគ្រប់គ្រងផ្សារ អនុវត្តតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធ វិធានការរបស់ក្រសួងសុខាភិបាល ៣ការពារនិង៣កុំ ។
លោកស្រីអភិបាលរង បានណែនាំឱ្យមានការផ្សព្វផ្សាយ តាមរយ:សារសម្លេងអប់រំ និងវាស់កំដៅ នៅតាមច្រកចេញចូលផ្សារ និងត្រូវរក្សាគម្លាតពីគ្នា ជាចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ។
លោក ចំរើន សុខលីម ប្រធានគណៈកម្មការ គ្រប់គ្រងផ្សារទួលទំពូង បានឱ្យដឹងថា ផ្សារទួលទំពូងចាប់ផ្តើម បើកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាល និងការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចូលផ្សារចំនួន៥ ត្រូវបានបើកទ្វារ សំរាប់អាជីវករ បានលក់ដូរនិងទំនិញ ឧបភោគបរិភោគ ដោយនៅតាមច្រកចេញចូល ចាត់ចែងអោយមានកម្លាំងសន្តិសុខ ជួយសម្រួលដោយការបាញ់កម្តៅ លាងអាល់កុល និងធ្វើការស្កេនកូដ (QR Code) ផងដែរ មុននឹងអនុញ្ញាតិ ឱ្យអាជីវករចូលទិញលក់ នៅក្នុងផ្សារ ។
លោកបន្តថា ក្រៅពីអនុវត្តវិធានសុខាភិបាល នៅតាមច្រក ក៏មានដាក់មេក្រូបំពងសំលេង ពីសារអប់រំនិងមាន ការ ដើរផ្សព្វផ្សាយតាមមេក្រូ ដល់អ្នកលក់និងអ្នកទិញផងដែរ ដោយត្រូវដាច់ខាត អនុវត្តវិធាន៣កាពារ៣កុំ សំដៅទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បន្ទាប់ពីទទួលបានការអនុញ្ញាតិ ឲ្យអាជីវករអាចលក់ដូរទំនិញវិញបានហើយនោះ បើតាមលោក ចំរើន សុខលីម ប្រធានផ្សារគណៈកម្មការផ្សារទួលទំពូង បានឱ្យដឹងថា ក្នុងផ្សារទួលទំពូង មានតូបចំនួន១៣៧៤តូប ក្នុងនោះមានអាជីរករ មកលក់ដូរប្រមាណ ៥០ភាគរយ ដោយក្រុមអាជីវក ដែលលក់ដូរនៅក្នុង្សារទួលទំពូង ក៏បានចាក់វ៉ាក់សាំង ប្រមាណ១១០០នាក់ហើយដែរ។
ដោយឡែកសម្រាប់ផ្សារ បឹងកេងកងវិញ លោក ឯក និមល ប្រធានគណៈកម្មការ គ្រប់គ្រងផ្សារបឹងកេងកង បានឱ្យដឹងដែរថា នៅផ្សារបឹងកេងកង បានដំណើរការហើយ នៅព្រឹកថ្ងៃទី២៤ឧសភានេះ តែលក់តែគ្រឿងហូបចុកតែប៉ុណ្ណោះ ដោយអាជីវករ មកលក់ដូរចំនួន ៧៦តូប។
ជាមួយគ្នានោះលោក គួច ចំណាន ប្រធានគណៈកម្មការ គ្រប់គ្រងផ្សារច្បារអំពៅ បានបញ្ជាក់ផងដែរថា ផ្សារច្បារអំពៅ មានបងប្អូនអាជីវករមកលក់ ប្រមាណ ២០ភាគរយប៉ុណ្ណោះ ដោយលក់ដូរ ជាគ្រឿងហូបចុក ។
ដោយឡែកលោកស្រី ប៉ុន ដានី ប្រធានគណៈគ្រប់គ្រងផ្សាធំថ្មី វិញ បានឲ្យដឹងថា ថ្ងៃដំបូងផ្នែកគ្រឿងឧបភោគ បរិភោគមានតូបនិង គ្រែចល័តសរុប ៦២៥ មកលក់បាន ១២៥តូប និងគ្រែចល័ត ។ និងបើកច្រក ចំនួនប្រាំបីច្រក មានកម្លាំងសន្តិសុខ ឈរជើងចំនួន៣១នាក់ និងសន្តិសុខ ២៥នាក់ទៀត ដើរចល័តចុះឡើង មានឧបករណ៍វាស់កំដៅ បាញ់អាល់កុល រក្សាគម្លាត ផ្សព្វផ្សាយអោយពាក់ម៉ាស់ ស្គេន QR code មុនចូលក្នុងផ្សារ៕