ព័ត៌មានជាតិ

ប្រធានរដ្ឋសភាអឺរ៉ុប ស្វះស្វែងរឹតបន្តឹង ទណ្ឌកម្មលើមន្ត្រីរុស្ស៊ី

បរទេស៖ ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោក David Sassoli នៅពេលថ្មីៗនេះ បានស្នើឲ្យធ្វើការរឹតបន្តឹង ទណ្ឌកម្មប្រឆាំងរុស្ស៊ី ហើយលោកបាននិយាយអំពីរឿងនេះ នៅក្នុងបទសម្ភាសន៍បោះពុម្ពផ្សាយ ក្នុងកាសែត Funke នៅថ្ងៃអាទិត្យនេះ។

លោក David Sassoli បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងត្រូវតែរឹតបន្តឹងទណ្ឌកម្ម ប្រឆាំងមន្ត្រីរុស្ស៊ី ប៉ុន្តែក៏ចាំបាច់ត្រូវបង្កើត ទំនាក់ទំនងគ្នាដ៏ជិតស្និទ្ធឡើង ជាមួយប្រជាជននិងសង្គមស៊ីវិល និងគាំទ្រដល់អ្នកប្រឆាំងរុស្ស៊ី អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានា”។

តាមសេចក្តីរាយការណ៍ លោក David Sassoli បានពិពណ៌នាចំណងមិត្តភាព រវាងសហភាពអឺរ៉ុបនិងប្រទេសរុស្ស៊ី ថាមានភាពតានតឹងខ្លាំង ដោយលោកសំដៅដល់បំពុល និងការដាក់ពន្ធនាគារមេដឹកនាំប្រឆាំងរបស់រុស្ស៊ី លោក Alexei Navalny និងជម្លោះកំពុងតែប្រព្រឹត្តទៅ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រៅពីនោះ ប្រធានារដ្ឋសភាអឺរ៉ុបរូបនេះ ក៏បានស្នើឲ្យចាត់វិធានការបន្ថែមទៀត ដើម្បីឲ្យធ្វើការដោះលែងអ្នកកាសែតលោក Roman Protassevichs ពីពន្ធនាគារក្នុងប្រទេសប៉េឡារុស ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top