ព័ត៌មានជាតិ

លោក សយ សុភាព លើកជាសំណួរបែបឆ្ងល់ថា ទៅរួចទេ ដែលឲ្យអ្នករស់នៅ លើផ្ទៃទឹក នៅភ្នំពេញរុះរើ (Video)

ភ្នំពេញ ៖ លោក សយ សុភាពបានលើកជាសំណួរបែបឆ្ងល់ថា ទៅអាចទៅរួចទេដែលឲ្យអ្នករស់នៅលើផ្ទៃទឹកនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញរុះរើមកនៅលើគោកវិញនោះ?។

“ទៅរួចទេ? បើតាមប្រវត្តិសាស្ត្រ ពួកគេរស់នៅបែបនេះរាប់សតវត្សរ៍មកហើយៗ ក៏ប្រកបរបរបែបនេះដែរ។ ម្យ៉ាងមិនមែនខ្មែរទាំងអស់ទេ?”។ នេះសំណួររបស់លោក សយ សុភាព។

លោកបញ្ចេញមតិបន្តថា ដោយឡែកសំណង់រញ៉េរញ៉ៃនៅក្បាលស្ពានព្រះមុន្នីវង្សខាងកើតគិតម៉េចដែរ ? បើនិយាយពីបរិស្ថានវិញ មហាស្មោគគ្រោកណាស់ សំរាមគរពេញច្រាំងទន្លេហើយហូរចូលទន្លេបាកសាក់ក្រោមទៀត។

នាថ្ងៃទី២ មិថុនា រដ្ឋបាលរាជធានីភ្នំពេញបានឲ្យម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬចល័តបែចិញ្ចឹមត្រី និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើជាបន្ទាន់ ដោយទុករយៈពេល១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្ដីជូនដំណឹងនេះតទៅ ។

រដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា ការរុះរើនេះ ដោយសារកន្លែងខ្លះ បានប្រែក្លាយជាកន្លែងរស់នៅដោយខុសច្បាប់ យ៉ាងអាណាធិបតេយ្យបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណី សម្រាប់ចិញ្ចឹមត្រី ការបញ្ចេញកាកសំណល់ បន្ទោបង់ពាសវាលពាស កាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ ។

តែយ៉ាងណាក៏ដោយជាថ្នូរពីការរស់នៅលើផ្ទៃទឹក សាលារាជធានីភ្នំពេញបានឲ្យពួកគេប្ដូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ មកចិញ្ចឹមត្រីតាមស្រះវិញ៕

To Top