ភ្នំពេញ៖វាជាប្រវត្តិសាស្រ្តច្រំដែលរបស់ លោក សម រង្ស៊ី ដែលបានបង្ហាញមកថា ក្រោមរូបភាពធ្វើអ្វីៗដើម្បីអតីតបក្ស និងពលរដ្ឋគឺលែង មានការទទួលការស្វាគមន៍ហើយ តែបង្វែងមកវិញនូវការអស់ជំនឿទុកចិត្តទៅវិញ ដោយសារគិតតែពី ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួក ។
លោក សម រង្ស៊ីត្រូវបានក្រុមបញ្ញវ័ន្តភាគច្រើនលែងមានជំនឿទុកចិត្តក្រោយពីលោកបានប្រឹងប្រែងបង្កើតព្រឹត្តិការណ៍នានាដើម្បីឲ្យឈ្មោះរបស់លោកឲ្យគេចាប់អារម្មណ៍ ក្រោយពលរដ្ឋហាក់លែងចាប់អារម្មណ៍នឹងលោកទៅហើយនោះ។
ជាក់ស្តែងដោយគ្មានអ្វីថ្មីនិងពលរដ្ឋហាក់ មិនអើពើចំពោះវត្តមានរបស់លោកដែលរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំដើម្បីគេចពីសំណាញច្បាប់នោះ លោកនិងកូនចៅជំនិតៗរបស់បានរួមគ្នាបង្កើតយុទ្ធនាការមួយដែលមានឈ្មោះថា យុទ្ធនាការលក់ប័ណ្ណនាឡិកាសម រង្ស៊ី។ យុទ្ធនាការក្នុងប័ណ្ណមួយមានតម្លៃ៥ដុល្លារ ដើម្បីយកលុយមកជួបប្រជាពលរដ្ឋជួបការលំបាកខ្វះខាតក្នុងពេលវិបត្តិកូវីដ១៩ ។ យុទ្ធនាការនេះបានចាប់ផ្តើមកាលពីដើមខែឧសភា ឆ្នាំ២០២១ ហើយបានបិទបញ្ចប់នាថ្ងៃ៦ ខែមិថុនា ឆ្នាំ២០២១នេះ ដោយទឹកប្រាក់ប្រមូលពីអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសចំនួន២២ ៨១៨០ដុល្លារ ។
លោក សម រង្ស៊ីបានអះអាងនៅចំពោះមុខអ្នកគាំទ្រខ្លួននៅប្រទេសបារាំងថា លុយជាង២០ម៉ឺននេះ នឹងប្រើប្រាស់ឲ្យមានប្រសិទ្ធភាព និងស្អាតស្អំបំផុត។
សម្រាប់ការអះអាង ក្នុងពេលប្រមូលលុយបាន ពីការបិទយុទ្ធនាការលក់នាឡិកាជាង២០ម៉ឺនដុល្លារជួយពលរដ្ឋនេះទាំងអ្នកនយោបាយមក ពីបក្សកាន់អំណាច និងប្រឆាំង ព្រមទាំងអ្នកតាមដានស្ថានភាពសង្គមបង្ហាញជំនឿចិត្តថា លុយបានមកនេះនឹងមិនប្រើចំគោលដៅទេ ពោលលោក សម រង្ស៊ីនិងគូកននឹងប្រើប្រាស់ដើម្បីបម្រើ ផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាមួយគ្នានេះ ពហុមតិដែលបានបញ្ចេញការយល់ឃើញនេះ ក៏បានលើកឡើងដូចៗគ្នាចំពោះការបាត់លុយ ៧០ម៉ឺនដុល្លារក្នុងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ និងលុយបានមកពីរ៉ៃអង្គាសដើម្បីឲ្យលោក សម រង្ស៊ីចូលស្រុកវិញកាលពីថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០២១៩មិនដឹងបាត់ទៅណា។
ក្នុងន័យផ្ចាញ់ផ្ចាល់ទៅសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាក្នុងពេលប្រកាសបើកយុទ្ធនាកាលក់ប័ណ្ណនាឡិកានេះដែរ លោក សម រង្ស៊ីក៏បានស្នើឲ្យសម្តេចតេជោដោះនាឡិកាលក់ដូចលោក ដោយលោកអះអាងថា នាឡិកាសម្តេចមានតម្លៃខ្ទង់លានដុល្លារ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏សម្តេចមិនខ្ចីរវីរវល់ជាមួយលោក សម រង្ស៊ីឡើយ។
ចំពោះសំណើររបស់លោក សម រង្ស៊ីត្រូវបានលោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងតបទៅវិញថា លោក សម រង្ស៊ីគ្មានសិទ្ធិមកបង្គាប់បញ្ជា ឬបង្ខិតបង្ខំឲ្យសម្តេចតាមខ្លួននោះទេ ។ លោកថា នាឡិកាសម្តេចតេជោដែលមានតម្លៃខ្ពស់នោះ គឺជាវត្ថុអនុស្សាវរីយ៍ដែលមិត្តភិក្តបរទេសយកមកជូនសម្តេច ដូច្នេះមិនអាចយករបស់ដែលជាអនុស្សាវរីយ៍លក់បានទេ។
ទោះបីជាយ៉ាងណាលោក សុខ ឥសាន គ្មានសង្ឃឹមថា លុយដែលលោកសម រង្ស៊ីប្រកាសប្រមូលបានពីការលក់ប័ណ្ណនាឡិកាចំនួន២២ ៨១៨០ដុល្លារ ក្រោយបញ្ចប់យុទ្ធនាការនោះគឺសម្រាប់ទុកចាយវាយរបស់លោកនិងបក្ខពួកខ្លួនប៉ុណ្ណោះ គ្មានយកទៅជួយពលរដ្ឋរងគ្រោះដោយជំងឺកូវីដ១៩នៅកម្ពុជាទេ ដូចលុយដែលបានមកពីការបង្កើតទូរទស្សន៍ព្រះអាទិត្យអីចឹងដែរ គឺបាត់ស្រមោលតែម្តង ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃ៦ មិថុនា លោក សម រង្ស៊ីបានថ្លែងថា “ថវិកាប្រមូលនេះ យើងបានចាប់ផ្តើមចែកជូនដល់ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ហើយមកទល់ថ្ងៃនេះយើងបានចែកជូនប្រជាពលរដ្ឋ១៧៨៧គ្រួសារ។ ចែកបាន៦កន្លែងទីតាំង ក្នុងខេត្ត៦ហើយនឹងបន្តចែកគ្រប់ចំនួនដែលយើងបានកំណត់។ នឹងបន្តចែកជូនដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ថែមទៀត”។
លោកអះអាងថា អ្វីដែលលោកធ្វើដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការលៃលកធ្វើយ៉ាងណាឲ្យអំណោយបានទៅដល់ដៃពលរដ្ឋកំពុងរងគ្រោះដោយកូវីដ១៩។
លោក សុខ ឥសាន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៧ មិថុនា ថា ដូចដែលលោកបាននិយាយជារឿយៗមកថា អ្វីដែលលោកសម រង្ស៊ីធ្វើក្នុងន័យជួយពលរដ្ឋនោះគឺជាកលកល្បិចដើម្បីប្រមូលថវិកាទៅចាយតែប៉ុណ្ណោះ ។លោកថា ដូចករណីទូរទស្សន៍ព្រះអាទិត្យប្រមូលបានក្បែរ១លានដុល្លារមកដល់ពេលនេះបាត់ដំណឹងឈឹងតែម្តងខណៈគម្រោងទូរទស្សន៍គ្មានចេញជារូបរាងអ្វីសោះ ។
លោកបានសង្កត់ធ្ងន់ថា “ខ្ញុំយល់ថា គ្មានអ្វីចំឡែកទេដែលទណ្ឌិតរត់ចោលស្រុកប្រមូលលុយពីប្រជាពលរដ្ឋ។ ការប្រមូលលុយពីពលរដ្ឋក្នុងស្រុកប្រមាណជា៤ម៉ឺននាក់នេះវាបានឆ្លុះបញ្ចាំងថា មានអ្នកគាំទ្រកន្លះនគរគាំទ្រអតីតបក្សប្រឆាំង វានៅត្រឹម៤ម៉ឺននាក់តែប៉ុណ្នឹង” ។
ចំពោះពាក្យសំដីដែលលោក សម រង្ស៊ីអះអាងថា បានជួយពលរដ្ឋរងគ្រោះជិត២ពាន់គ្រួសារនោះ លោក សុខ ឥសានថា លុយនោះអាចយកទៅជួយចិញ្ចឹមចលនាក្រុមឧទ្ទាមក្រៅច្បាប់ដែលមានទំនាក់ទំនងពីក្រៅប្រទេសចូលមកក្នុងប្រទេស។
ក្នុងនាមជាអ្នកទម្លាយអាថ៌កំបាំង បាត់ថវិកាប្រមូលពីការបង្កើតទូរទស្សន៍ព្រះអាទិត្យជាង៧០ម៉ឺនដុល្លារមិនដឹងទៅខាងណានោះ លោក មុត ចន្ថានាយខុទ្ទកាល័យនិងជាមនុស្សជំនិតលោក កឹម សុខាលើកជាចំងល់ជុំវិញនៃការប្រមូលបានថវិកា ជាង២០ម៉ឺនដុល្លារលក់ប័ណ្ណនាឡិកានេះថា តើត្រូវចំណាយបែបណាដើម្បីបានជួយប្រជាពលរដ្ឋរងគ្រោះ ដោយជំងឺកូវីដ១៩ ឲ្យពិតប្រាកដ កុំឲ្យបាត់លុយមិនដឹងទៅទីណាដូចករណីមុនៗទៀត ។
លោក មុត ចន្ថា បានប្រាប់ថា “យើងក៏ចង់ដឹងថាថវិកាជាង២០ម៉ឺនដុល្លារដែលបានពីការលក់ប័ណ្ណនាឡិកាត្រូវចំណាយបែបណា ដើម្បីជួយប្រជាពលរដ្ឋខ្មែរ ហើយអ្នកណាត្រូវទទួលធ្វើកិច្ចការនេះ ឬត្រូវបង្វែរលុយនេះទៅខាងណា។ សុចរិតភាពនិងតម្លាភាព គឺជាគុណតម្លៃស្នូល ដើម្បីធានាថា គ្មានអំពើកឹបកេង កេងប្រវ័ញ្ច និងពុករលួយ។ អ្វីដែលសំខាន់ជាងនេះ តើជំនួយនេះប្រើប្រាស់ក្នុងឈ្មោះអ្នកណា តំណាងឲ្យស្ថាប័នអ្វី ឬនីតិបុគ្គលណា ព្រោះវាពាក់ព័ន្ធនឹងផ្លូវច្បាប់។ តើអាជ្ញាធរអនុញ្ញាតឲ្យធ្វើសកម្មបែបណា? បើសិនត្រូវបានអនុញ្ញាតដោយប្រការណាមួយ តើគេនឹងត្រូវយកថវិកាទៅណា?”។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ លោក មុត ចន្ថា នៅតែផ្តោតសំខាន់លើការបាត់ថវិកាជាង៧០ម៉ឺនដុល្លារលើមូលនិធិទូរទស្សន៍ព្រះអាទិត្យដែលជាលុយញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកដែលបានបរិច្ចាគ ដើម្បីគាំទ្រគម្រោងជាក់លាក់នេះ។
លោកថា ឥឡូវគម្រោងទូរទស្សន៍នេះមិនអាចដំណើរការបានទៅមុខតាមគោលបំណងនៃមូលនិធិ ដូច្នេះថវិកាត្រូវតែបង្វែរទៅជួយប្រជាពលរដ្ឋខ្មែរវិញ ។ លោកយល់ថា ត្រូវយកថវិកា៧០ម៉ឺនមកជួយមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន ជឿជាក់ថា ថវិកាលក់ប័ណ្ណនាឡិការបស់លោក សម រង្ស៊ី ពុំមានការប្រើប្រាស់ដោយតម្លាភាព និងមិនផ្ដល់ផលប្រយោជន៍ដល់ប្រជាជនខ្មែរឡើយ។ លោក សាម អ៊ីន ថ្លែង យុទ្ធនាការរបស់ លោក សម រង្ស៊ី ដូចជា យុទ្ធនាការបង្កើតទូរស្សន៍ និងដំណើរវិលស្រុកខ្មែរវិញ ៩ វិច្ឆិកា ត្រូវបរាជ័យជាបន្ដបន្ទាប់ ហើយថវិកាពីទូរស្សន៍ព្រះអាទិត្យជាងកន្លះលានដុល្លារ ក៏មិនដឹងទៅណាដែរ រហូតមកដល់ពេលនេះ។
លោកបញ្ជាក់ថា «ចឹងខ្ញុំមិនជឿថា ថវិការឿងលក់ប័ណ្ណនាឡិកា ពុំមានការប្រើប្រាស់តម្លាភាព និងមិនផ្ដល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទេ»។
លោកបន្ដថា អ្នកនយោបាយដូចលោក សម រង្ស៊ី ប្រមូលថវិកាមិនត្រូវត្រឹម និងមិនតម្លាភាពបែបនេះ នឹងមានហានិភ័យខ្ពស់។ ក្រោយពី លោកសម រង្ស៊ី ធ្វើយុទ្ធនាការដដែលៗ ដោយគ្មាប្រសិទ្ធភាពនោះ លោក សាម អ៊ីន សង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើននឹងបាត់បង់ជំនឿជាក់គាំទ្រសម រង្ស៊ី ។លោក ថា បើ លោកសម រង្ស៊ី នៅតែបន្ដប្រើប្រាស់នយោបាយ មិនច្បាស់លាស់បែបនេះទៀតអ្នកគាំទ្រនឹងមានការថយចុះជាបន្ដបន្ទាន់។
សម្រាប់លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជាបានថ្លែងឲ្យដឹងដែរថា យុទ្ធនាការលក់ប័ណ្ណនាឡិកា៥ដុល្លារជាការបោកប្រាស់ និងមុខរបរថ្មីលោកសម រង្ស៊ី។ ការថ្លែងនេះដោយសារលោកមើលឃើញលោក សម រង្ស៊ីឧស្សាហ៍បង្កើតព្រឹត្តិការណ៍នានាប្រមូលថវិកាក្នុងន័យជួយទ្រទ្រងផ្នែកផ្សេងៗរបស់អតីតគណបក្សសង្រ្គោះជាតិប៉ុន្តែពុំចេញលទ្ធផល។
លោក ពេជ្រ ស្រស់ ឲ្យដឹងទៀតថា “ខ្ញុំវាយតម្លៃថាយុទ្ធនាការរបស់លោក សម រង្ស៊ីដែលរ៉ៃអង្គាសលុយរឿងទិញនាឡិកាគាត់នេះ វាគ្រាន់តែជាមុខរបររបស់លោក សម រង្ស៊ីទេ ហើយវាជាយុទ្ធនាការបោកប្រាស់អ្នកគាំទ្ររបស់លោកតែប៉ុណ្ណោះ ព្រោះលោកសម រង្ស៊ីលោកតែងតែគិតគ្រប់ពេលវេលាថា ធ្វើយ៉ាងណាឲ្យបានលុយពីអ្នកគាំទ្រគាត់ដើម្បីឲ្យគាត់មានលទ្ធភាពចាយនៅខាងក្រៅប្រទេសតែប៉ុណ្ណោះឯង” ។
លោកបន្តថា នេះជាអាជីវកម្មថ្មីមួយដែលដូរឈ្មោះអាជីវកម្ម ឬដូរប្រេនរបស់អ្នកគាំទ្រលោក។ លោកថា លោកសម រង្ស៊ីមិនដែលយកលុយរ៉ៃបានដើម្បីបម្រើផលប្រយោជនន៍ជាតិពលរដ្ឋទេ ជាក់ស្តែងរ៉ៃលុយបង្កើតទូរទស្សន៍ព្រះអាទិត្យមិនឃើញបង្កើតហើយ បែរជាបាត់ដោយស្ងៀមស្ងាត់ទៅវិញ។
ចំពោះលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចោទសួរថា តើថវិកាលក់ប័ណ្ណនាឡិការបស់លោក សម រង្ស៊ី ប្រើប្រាស់ចំគោលដៅឬទេ? ព្រោះ នាពេលកន្លងមក មូលនិធិជាច្រើនត្រូវបាន សម រង្ស៊ី ចាយវាយផ្ទាល់ខ្លួន។ លោក គិន ភា បានមានប្រសាសន៍ថា ថវិកាលក់ប័ណ្ណនាឡិការបស់ លោក សម រង្ស៊ី ទទួលបានជាង២០ម៉ឺនដុល្លារនោះ តើតួលេខជាក់លាក់ឬយ៉ាងណា? ព្រោះថា គ្មានយុទ្ធការត្រួតពិនិត្យ តើតម្លាភាពប៉ុណ្ណា?
លោកបន្ដថា បើសិន លោកសម រង្ស៊ី គាត់ចង់ដំឡើងតួលេខលុយហ្នឹងគឺមានន័យថា គាត់ចង់បង្ហាញប្រជាប្រិយភាពខ្លួនគាត់ថា មានប្រជាពលរដ្ឋចូលរួមច្រើន ដូច្នេះគាត់គ្មានភាពស្មោះត្រង់ជាមួយអ្នកគាំទ្រ នៅក្នុងយុទ្ធនាការលក់ប័ណ្ណនាឡិកា។
លោកបញ្ជាក់ថា «ក៏ប៉ុន្ដែសួរថា តើលុយរបស់គាត់ដែលទទួលបានហ្នឹង (ទទួលបានពីលក់ប័ណ្ណនាឡិកា) យកទៅប្រើប្រាស់ចំគោលដៅឬទេ? បានត្រឹមត្រូវទេ គឺយើងមានការសង្ស័យ ពីព្រោះកន្លងមកយើងបានដឹងហើយថា មូលនិធិជាច្រើនដែល សម រង្ស៊ី គាត់បានប្រមូលហ្នឹងគឺយើងអត់បានឃើញថា គាត់ចាយវាយយ៉ាងម៉េច? ហើយបានប្រើប្រាស់ទៅតាមគោលបំណងដើមនៃមូលនិធិនឹងឬអត់ទេ?»។
លោក គិន ភា ក៏លើកឧទាហរណ៍ថា មូលនិធិទូរស្សន៍ព្រះអាទិត្យ ប្រមូលលុយបានយ៉ាងច្រើន ហើយរហូតមកដល់នេះ ប្រជាពលរដ្ឋអ្នកដែលចូលលុយ ក៏មិនបានដឹងថា ចាយទៅលើអ្វីខ្លះដែរ? ។ដូច្នេះ ថវិកាជាង២០ម៉ឺនដុល្លារនោះ ប្រើប្រាស់ចំគោលដៅឬអត់។ លោកបន្ថែមថា នាពេលកន្លងមក លោក សម រង្ស៊ី ក៏បានបាត់បង់ជំនឿពីប្រជាពលរដ្ឋ ហើយលោក ក៏បាត់បង់បន្ថែមទៀត ដោយសារ ក្នុងមន្ដ្រីអតីតគណបក្សរបស់គាត់ មានការវាយប្រហារគ្នាទៅវិញ ទៅមក ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិបានបើកប្រមូលជំនួយពីសាធារណជនដើម្បីគាំទ្រគណបក្សសង្រ្គោះជាតិ នូវមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិ ប្រមូលបានថវិកា ដែលបានមកពីការបរិច្ចាគថវិកា ផ្ទាល់ខ្លួនរបស់ពលរដ្ឋខ្មែរជាង៧០ម៉ឺនដុល្លារ។ មន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ៣រូប មានសិទ្ធិចុះហត្ថលេខា លើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺ លោក កឹម សុខា លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុន្តែខណៈលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ មានតែ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះមានសិទ្ធិចុះហត្ថលេខា ដកប្រាក់ទាំងអស់ ពីគណនេយ្យធនាគារ ៕