ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវឲ្យអភិបាលខេត្តជាប់ព្រំដែនវៀតណាមពង្រឹងត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែនដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ប្រភេទថ្មី (Video)

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាអភិបាលខេត្តជាប់ ព្រំដែនវៀតណាម ពង្រឹងត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ប្រភេទថ្មី។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សម្ដេច ស ខេង បានរំលឹកថា នាពេលកន្លងមកដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងមហាផ្ទៃដាក់មានចេញវិធានការពង្រឹង ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ដ្របិទខ្ទប់។

សម្ដេចបញ្ជាក់ថា «ដើម្បីរក្សាចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរខេត្តនៃសាធារណរដ្ឋសង្គមនិយម វៀតណាមដែលមានព្រំប្រទល់ជាប់គ្នានៅតំបន់ព្រំដែន និងដើម្បីបង្ការទប់ស្កាត់ការនាំជំងឺកូវីដ-១៩ ឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម ត្រូវយកចិត្តទុក ដាក់លើកិច្ចការនេះ»។

សម្ដេចបន្ដថា ត្រូវធ្វើការសម្របសម្រួល និងទំនាក់ទំនងជាមួយអភិបាលខេត្តជាប់ព្រំដែននៃប្រទេសវៀតណាមដើម្បីរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដោយអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ឬកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅតាមតំបន់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំមនុស្សឆ្លងដែនដោយ ខុសច្បាប់ ការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែននៃខេត្តនីមួយៗ។

សម្ដេច បន្ថែមថា ជាពិសេសនោះ លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរទំនិញ កសិផល គ្រឿងឧបភោគបរិភោគនៅតាមតំបន់ព្រំដែន សំដៅរួមគា្នដោះស្រាយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ-១៩៕

To Top