ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា គ្មានប្រទេសណាមួយអនុញ្ញាតឲ្យមានអន្តោប្រវេសន៍ខុសច្បាប់មកនៅខុសច្បាប់ និងអាណាធិបតេយ្យក្នុងប្រទេសគេទេ បើទោះបីអាជ្ញាធរវៀតណាមក៏មិនអនុញ្ញាតឲ្យតាំងទីលំនៅដ្ឋានខុសច្បាប់ និងបែបអាណាធិបតេយ្យតាមផ្លូវ និងទន្លេដែរ ។
លោកថ្លែងបន្តតាមបណ្តាញតេឡេក្រាមទៀតថា រាជរដ្ឋាភិបាលកម្ពុជាគាំពារតែអ្នករស់នៅស្របច្បាប់ទេចំពោះជនបរទេសខុសច្បាប់ ត្រូវអនុវត្តច្បាប់ ស្តីពី អន្តោប្រវេសន៍ និងសញ្ជាតិ ។
លោកថា រាជរដ្ឋាភិបាលកម្ពុជាមានផែនការរៀបចំស្របទៅតាមគោលការណ៍ច្បាប់ និងប្រកបដោយមនុស្សធ៌ម គោរពសិទ្ធិមនុស្សដោយមិនប្រកាន់ទៅលើជនជាតិណាមួយទេ ។
ចំពោះការបណ្តេញសំណង់មិនរៀបរយនៅលើទន្លេ និងតាមមាត់ទន្លេចេញ លោកថា គឺជាការសំអាតបរិស្ថានទន្លេ ដើម្បីអនាម័យទាំងអស់គ្នា ។
សូមបញ្ជាក់ថា ក្រោយអាជ្ញាធរភ្នំពេញចេញវិធានការរដ្ឋបាលដល់ពលរដ្ឋរស់នៅលើផ្ទៃទឹកដែលភាគច្រើនជាជនជាតិវៀតណាម ត្រូវបានមន្រ្តីជាន់ខ្ពស់របស់ប្រទេសវៀតណាមបានចេញប្រតិកម្មក៏ដូចជាមិនពេញចិត្តផងដែរ ។ ក្នុងនោះសមាគមវៀតណាមប្រចាំកម្ពុជាបានចេញសេចក្តីប្រកាស មិនឲ្យប្រជាជនខ្លួនវិលត្រឡប់ទៅវិញដោយសារច្រកទ្វារព្រំដែនប្រទេសទាំងពីរ ត្រូវបានបិទព្រោះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩កំពុងផ្ទុះ។
គួររំលឹកថា ការឲ្យម្ចាស់ផ្ទះបណ្តែត ផ្ទះទូកតូចៗ ឬចល័តបែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរុះរើចេញកំពុងក្លាយប្រធានបទក្តៅក្នុងការជជែកវែកញែកគ្នានៅតាមបណ្តាញសង្គមហ្វេសប៊ុកពីសាធារណមតិ ក្រោយរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងឲ្យរុះរើ កាលពីថ្ងៃ២ មិថុនា ៕