Covid-19

មេបញ្ជាការយោធភូមិភាគទី៥ ណែនាំកងកម្លាំងតាមព្រំដែន ត្រូវសហការល្អជាមួយភាគីថៃ ធ្វើឲ្យព្រំដែនមានសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានស្នើដល់កងកម្លាំងប្រចាំការ នៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវសហការល្អជាមួយភាគីថៃ ធ្វើឲ្យព្រំដែនមានសន្តិភាព និងការអភិវឌ្ឍ។

ក្នុងពិធីប្រជុំបូកសរុបលទ្ធផល យោធាសន្តិសុខខែឧសភា ផ្សព្វផ្សាយផែនការខែមិថុនា និងបំពាក់ឋានន្តរស័ក្តិជូនយោធិន របួសពិការនៅយោធភូមិភាគទី៥នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានបន្តណែនាំដល់កងកម្លាំង ត្រូវរួមសហការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព បន្តប្រតិបត្តិការ អនុវត្តតាមបទបញ្ជា និងចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះ និងមានការខ្វះខាត។

មេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងកោតសរសើរដល់កងកម្លាំង ចំណុះយោធភូមិភាគទី៥ ទាំងអស់បានខិតខំប្រឹងប្រែង អនុវត្តរាល់បទបញ្ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោកបានល្អប្រសើរ។

ជាក់ស្តែងយើងអនុវត្តបានល្អ មានកិច្ចសហប្រតិបត្តិការ តាមព្រំដែនជាមួយភាគីថៃ ធ្វើឲ្យព្រំដែនមានសន្តិភាព និងការអភិវឌ្ឍ។ ក្នុងប្រតិបត្តិការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ តាមបន្ទាត់ព្រំដែនធ្វើការល្បាត ការពារទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ គេសវេះមិនធ្វើចត្តាឡីស័ក តាំងពីរដូវប្រាំងរហូតដល់រដូវវស្សា រយៈពេល៦ខែហើយ ក៏បានបញ្ជូនកម្លាំងចូលរួមចុះធ្វើការ នៅតំបន់បិទខ្ទប់ក្រុងប៉ោយប៉ែត និងបានឲ្យកម្លាំងគ្រូពេទ្យកងទ័ព ចុះជួយយកសំណាកក្នុងតំបន់ផ្ទុះកូវីដ១៩(ពន្លឿនការធ្វើតេស្ដ) តាមសំណូមពរគណៈបញ្ជាការ ឯកភាពខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ចាក់ជូនកងទ័ព និងគ្រួសារសម្រេចបានល្អ។ ទោះបីកម្លាំងចេញប្រតិបត្តិការ ក្រៅអង្គភាពច្រើនក៏ដោយ កម្លាំងនៅទីបញ្ជាការក្រោយ ក៏បានត្រៀមខ្លួនជាស្រេចសម្រាប់អន្តរាគមន៍ ជាក់ស្ដែងការចុះជួយសង្គ្រោះ ជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ កន្លងមកបានទាន់ពេល ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top