នយោបាយ

មេធាវីផ្ញើសារម្តងទៀត ទៅអ្នកបង្កើតបក្សថ្មី កុំបន្តយកឈ្មោះ លោក កឹម សុខាទៅប្រើ

ភ្នំពេញ ៖ លោក ចាន់ ចេន ក្នុងនាមជាមេធាវីមួយរូប មានភក្តីភាពស្មោះស្ម័គ្រ ជាមួយលោក កឹម សុខា បានផ្ញើសារជាថ្មីម្តងទៀត ទៅកាន់អតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបាន បង្កើតគណបក្សថ្មី កុំបន្តយកឈ្មោះលោក កឹម សុខា ទៅប្រើប្រាស់នៅ ចំពោះមុខប្រជាពលរដ្ឋ ដើម្បីទាក់ទាញសំឡេងគាំទ្រ ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោក ចាន់ ចេន បានលើកឡើងថា អស់ពីក្រុមមួយចូលដល់ក្រុមមួយទៀតហើយ ប៉ុន្មានថ្ងៃថ្មីៗនេះ អស់លោកដែលរៀប នឹងបង្កើតបក្សថ្មី បានទៅដល់ ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ដើហើយម្បីសម្រេច បានមហិច្ឆតា របស់ក្រុមខ្លួន ក្រុមអស់លោកបាន និយាយបញ្ចុះបញ្ចូលអ្នកគាំទ្រ អតីតសង្គ្រោះជាតិថា បក្សរបស់ក្រុមខ្លួននេះ គឺលោក កឹម សុខា ឲ្យបង្កើត ហើយលោក កឹម សុខា នៅពីក្រោយខ្នង ។

លោកមេធាវីបន្តថា “ដើម្បីកុំឲ្យអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរមានការភាន់ច្រឡំ ចាញ់បោកការអូសទាញ របស់អស់លោកទាំងអស់នោះ ខ្ញុំសូមបញ្ជាក់សារជាថ្មីថា ឯកឧត្តម កឹម សុខា តាមរយៈមេធាវីនាពេលកន្លងមក បានចេញសេចក្តីថ្លែងការណ៍ ហើយបានផ្សាយ ជាសាធារណៈជាច្រើនលើក ច្រើនសារ មកហើយថា ឯកឧត្តម កឹម សុខា មិនគាំទ្រក្រុមណាមួយឲ្យបង្កើតបក្សថ្មី ហើយក៏មិនដែលនៅពីក្រោយខ្នង ក្រុមណាមួយដែរ ហើយពេលនេះក៏ដូចគ្នាដែរ”

លោកចាន់ ចេន បន្ថែមថា “សូមអស់លោកអ្នកនយោបាយ ដែលតាំងខ្លួនឯងជាព្រះបាទធម្មិក ជាអ្នកខ្លាំង ប្រជាពលរដ្ឋគាំទ្រច្រើនផ្លួកទឹក ផ្លួកដី ទៅហើយ សូមឈប់យកឈ្មោះឯកឧត្តម កឹម សុខា ទៅប្រើប្រាស់ដើម្បីបំភ្លៃ បោកប្រាស់អ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរតទៅទៀតទៅ អាណិតអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរខ្លះផង”។

សូមបញ្ជាក់ថា ក្រោយពីការរំលាយគណបក្ស សង្រ្គោះជាតិ នាចុងឆ្នាំ២០២១៦មក គិតមកដល់ពេលនេះ មន្រ្តីដែលចេញពីអតីតគណបក្សប្រឆាំងមួយនេះ បានបង្កើតគណបក្សនយោបាយចំនួន៥ហើយ ។

បក្សទាំង៥នោះរួមមាន ៖ ១-គណបក្សឆន្ទៈខ្មែរ (មានលោក គង់ មូនីកា និងលោកគង់ គាំជាឪពុក-កូន)។ ២-គណបក្សខ្មែរអភរិក្ស (លោក រៀល ខេមរិន្ទ) ៣-គណបក្សខ្មែរស្រឡាញ់ជាតិ (លោកជីវ កត្តា) ៤-គណបក្សកំណែទម្រង់កម្ពុជា (លោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន ) និង៥-គណបក្សបេះដូងជាតិ (ប្រភពអះអាងថាលោក ថាច់ សេដ្ឋា) ៕

To Top