ព័ត៌មានជាតិ

ដើមអាកាស្សាអាយុ ៥ឆ្នាំ អាចផ្តល់ចំណូល ជាង៦ពាន់ដុល្លារ ក្នុង១ ហិកតា និងបង្កើតគម្របព្រៃឈើ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ដាំអាកាស្សា ជួយបង្កើនចំណូល និងគម្របព្រៃឈើ ដោយសារ តាមតម្លៃទីផ្សារនាពេលបច្ចុប្បន្ន ការដាំអាកាស្សាទុកឲ្យមានអាយុ ៥ឆ្នាំ អាចផ្តល់ប្រាក់ចំណូល ៦៧៨០ដុល្លា ក្នុង១ហិកតា។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ទន្ទឹមនឹងការរឹត បន្តឹងជាសកល លើការនាំចេញ និងប្រើប្រាស់ឈើពីព្រៃធម្មជាតិ តម្រូវការនៃការប្រើប្រាស់ឈើដាំ ដូចជា អាកាស្សា ម៉ៃសាក់ អង្កាញ់ ជាដើម ហើយផលិតគ្រឿងសង្ហារឹម មានការកើនឡើងគួរឱ្យកត់សម្គាល់។ ផលប្រយោជន៍ នៃការដាំអាកាស្សា មានច្រើន ដូចជា ការបង្កើនចំណូលដល់សហគមន៍មូលដ្ឋាន និងការបង្កើនគម្របព្រៃឈើ។

ក្រសួង បន្ដថា «តាមបទពិសោធន៍ថ្មីៗ របស់ក្រុមហ៊ុនខាមអាក្រា ដើម្បីទទួលបានទិន្នផលខ្ពស់ យើងគួរដាំអាកាស្សា ចំនួន១១១០ដើមក្នុង១ហិកតា ដែលផ្តល់ឈើមូលស្តង់ដាទីផ្សារចំនួន ៧៥ម៉ែតគូប និងឈើប្រភេទអុស ចំនួន ៦៥ ម៉ែត្រគូប ក្នុងរយៈពេល ៥ឆ្នាំ។ តាមតម្លៃទីផ្សារនាពេលបច្ចុប្បន្ន ការដាំអាកាស្សាដែលទុកឲ្យមានអាយុ ៥ឆ្នាំ អាចផ្តល់ប្រាក់ចំណូល ៦៧៨០ ដុល្លាក្នុងមួយហិកតា។ ជាទូទៅនៅតាមសហគមន៍មូលដ្ឋាន មានដីព្រៃរេចរឹលប្រមាណ ៣០-៥០%នៃផ្ទៃដីសរុប»។

ក្រសួង ក៏បានអនុញ្ញាតឲ្យប្រជាសហគមន៍អាស្រ័យផលលើផ្ទៃដីរដ្ឋក្នុងទំហំមួយសមស្រប ដែលផ្ទៃដីនេះ ពួកគាត់អាចសហការជាមួយក្រុមហ៊ុនឯកជន ក្នុងដាំអាកាស្សាដើម្បីរកចំណូលដល់សហគមន៍ និងដើម្បីអភិរក្សជីវៈចម្រុះ។

ជាងនេះទៅទៀត ក្រសួងបរិស្ថាន លើកឡើងទៀតថា តាមកិច្ចផ្តួចផ្តើមនេះ សហគមន៍តាសាលនៅក្នុងខេត្តកំពង់ស្ពឺ បានសហការជាមួយក្រុមហ៊ុនអ៊ីស្រាអែលដាំដើមម៉ៃសាក់ លើផ្ទៃដី ៣៥០ហិកតា និងក្រុមហ៊ុនមួយទៀត នឹងដាំអាកាស្សាលើផ្ទៃដី ៨៥០ហិកតា។ បន្ថែមលើនេះ ក្រសួងបរិស្ថាន បាននិងកំពុងផ្តល់កូនអាកាស្សាចំនួន ១លានដើម ក្នុងឆ្នាំ២០២១ ដល់ឃុំចំនួន ៨ ក្នុងស្រុកពារាំង ខេត្តព្រៃវែង និងទីកន្លែងផ្សេងទៀត ដែលជាកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការងារនេះ។

ក្រសួងបរិស្ថាន បានលើកទឹកចិត្ត និងជំរុញការដាំឈើនៅលើដីរេចរឹលរបស់សហគមន៍មូលដ្ឋាន នៅក្នុងផ្ទៃដីតំបន់ការពារធម្មជាតិ ក៏ដូចជាតំបន់ដទៃទៀត ដើម្បីស្តាគម្របព្រៃផង និងបង្កើនប្រភពចំណូលដល់សហគមន៍មូលដ្ឋាន៕

To Top