Covid-19

ពលរដ្ឋ នៅភ្នំពេញ ជិត២ម៉ឺននាក់ មិនទាន់ចាក់វ៉ាក់សាំងកូវីដ សម្រុកមកចាក់ មុនពេលអាជ្ញាធរ ប្រកាសបិទបញ្ចប់ ត្រឹមថ្ងៃ៨កក្កដា(Videos)

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅសល់ ជិត២ម៉ឺននាក់ ដែលគ្រប់អាយុ ចាក់វ៉ាក់សាំងកូវីដ១៩ បានសម្រុកមកទទួល ការចាក់វ៉ាក់សាំង ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់។

កាលថ្ងៃទី២៥ មិថុនា សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើម ពីថ្ងៃ២៧មិថុនា ដល់ថ្ងៃ៨កក្កដា ឆ្នាំ២០២១ ។

បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងខណ្ឌទាំង១៤ មានតែខណ្ឌមានជ័យប៉ុណ្ណោះ ចាក់ឲ្យពលរដ្ឋគ្រប់ចំនួនកំណត់ ។ ក្រៅពីនោះ នៅសល់ ១៣មិនទាន់បានទទួលការ ចាក់វ៉ាក់សាំងសរុប ១៩៣៩៩នាក់ ក្នុងនោះ ខណ្ឌកំបូលសល់ចំនួន៩៨៧នាក់ , ខណ្ឌពោធិសែនជ័យសល់ចំនួន៤៩៨០នាក់ , ខណ្ឌទួលគោកសល់ចំនួន១២៩៧នាក់ , ខណ្ឌ៧មករាសល់ចំនួន៧៥៥នាក់ , ខណ្ឌដូនពេញ សល់ចំនួន៥២១នាក់ , ខណ្ឌបឹងកេងកងសល់ចំនួន៧០២នាក់ , ខណ្ឌចំការមនសល់ចំនួន២២២នាក់ , ខណ្ឌដង្កោរសល់ចំនួន១៨៨៧នាក់ , ខណ្ឌជ្រោយចង្វារសល់ចំនួន២៥៩០នាក់ , ខណ្ឌឬស្សីកែវសល់ចំនួន៣០០នាក់ , ខណ្ឌច្បារអំពៅសល់ចំនួន១៨៧៣នាក់ , ខណ្ឌសែនសុខសល់ចំនួន១៧៦១នាក់ និងព្រែកព្នៅសល់ចំនួន១៥២៤នាក់ ។

បើតាមពលរដ្ឋនៅខណ្ឌច្បារអំពៅ មកចាក់វាក់សាំងប្រឆាំងជំងឺកូវីដ១៩ នាពេលថ្មីៗនេះ បានឲ្យដឹងថា ចំពោះការយឺតយ៉ាវ មិនបានមកទទួលការចាក់វ៉ាក់សាំង ដោយសារពេលអាជ្ញាធរ អញ្ជើញឲ្យមកចាក់នោះ ខ្លួនកំពុងមានជំងឺ និងមួយចំនួនទៀត ជាប់ទៅស្រុកកំណើត ទើបអាក់ខានមិនបានមកទទួលការចាក់វ៉ាក់សាំង ។ ជាងនេះទៅទៀត ពលរដ្ឋទាំងនោះ ពិតជាអរគុណណាស់ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានពន្យាពេលការចាក់វ៉ាក់សាំង ។

គួរឲ្យដឹងដែរថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធាន គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ តែងតែបានចុះធ្វើការត្រួតពិនិត្យ ទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញ ឲ្យក្រុមការងារ ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងបានលឿន និងគ្រប់ៗគ្នា យ៉ាងយូរបំផុតក្នុងអំឡុង ខែមិថុនានេះ ស្របតាមការកំណត់ របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបាន ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។

គួរបញ្ជាក់ថា តាមគោលដៅ នៃខណ្ឌនីមួយៗគិតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អ្នកចាក់ដូសទី១មានចំនួន ១,៦៦២,៣៥៦ នាក់ និងដូសទី២ មានចំនួន ១,៤៩៨,៧៨៧ ។ ដោយសារប្រជាពលរដ្ឋមួយចំនួនតូចទៀត ពុំទាន់រួសរាន់មកទទួលការ ចាក់វ៉ាក់សាំងនៅឡើយ ទើបសាលារាជធានីភ្នំពេញ បានពន្លឿនឲ្យទៅចាក់ ដើម្បីឈានទៅ សម្រេចលទ្ធផល១០០% ស្របតាមផែនការយុទ្ធសាស្ត្រ របស់គណៈកម្មការចាក់វ៉ាក់សាំង និងរាជរដ្ឋាភិបាល ដែលគ្រោងបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងរាជធានីភ្នំពេញ នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២១ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top