ព័ត៌មានជាតិ

ជនមានពិការភាព ១គ្រួសារ បានទទួលផ្ទះមនុស្សធម៌ ពីប្រធានសាខាកាកបាទក្រហម ខេត្តកំពង់ចាម

កំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រគល់ផ្ទះ មនុស្សធម៌ខេត្ត ជូនជនមានពិការក្រលំបាកម្នាក់ រស់នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

នាយកប្រតិបត្តិសាខាកាក បាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឲ្យដឹងថា ឈ្មោះ ឆែក ភ័ក្ត្រ មានប្រពន្ធ និងកូនស្រី ២នាក់ក្នុងបន្ទុក។ ដើមឡើយ គាត់មានមុខរបរជាជាងផ្សារដែក ប៉ុន្តែ ជាអកុសល កាលពី ២ឆ្នាំមុន ពេលកំពុងផ្សារដំបូលផ្ទះគេ ស្រាប់តែឆក់ចរន្តអគ្គិសនី បណ្តាលអោយជើងទាំង២ របស់គាត់ រលាករលួយ ហើយទីបំផុត ត្រូវកាត់ចោលក្រោមជង្គង់ ធ្លាក់ខ្លួនពិការ បាត់បង់សមត្ថភាពពលកម្ម រហូតមក ធ្វើឱ្យ ជីវភាពក្នុងគ្រួសារជួបការលំបាក ។

ដោយមើលឃើញពីស្ថានភាពលំបាកនេះ ទើប លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង ជូនគ្រួសារនោះ សម្រាប់ស្នាក់នៅ តទៅ ដែលត្រូវចំណាយទឹកប្រាក់ ក្នុងការសាងសង់អស់ជិត ១០លានរៀល ក្នុងនេះ សាខាកាកបាតក្រហមខេត្ត បាន បដិភាគចំនួន ១លានរៀល និង លោក អ៊ុន ចាន់ដា បានឧបត្ថម្ភ ១លានរៀល, ព្រះមេគណខេត្ត ១លានរៀល ក្រៅពីនោះ ជាការចូលរួមបំពេញបន្ថែម របស់សប្បុរសជន និងក្រុមការងារ ចលនាកៀរគរ និងគ្រប់គ្រងមូលនិធិនៃកម្មវិធី ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារ លោក ឆែក ភ័ក្ត្រ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១សម្រាប់, អាវយឺត ៨, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

To Top