ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា កំពុងតែប្រឈមទៅនឹងការដេីរហួសបន្ទាត់ក្រហម ប្រសិនបេីបុគ្គល និងគ្រួសារ នៅតែមិនយកចិត្តទុកដាក់ ក្នុងការពារខ្លួនពីជំងឺកូវីដ-១៩។
ការលេីកឡេីងរបស់ លោកស្រី ឱ វណ្ណឌីន ក្រោយមានប្រជាពលរដ្ឋមួយចំនួន មិនសូវប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ជាពិសេសនោះ មួយរយៈពេលចុងក្រោយនេះ មានអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា មានចំនួនជិតខ្ទង់ពាន់នាក់ ជារៀងរាល់ថ្ងៃ។
តាមរយ:សារតេឡេក្រាម នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ខ្ញុំសុំអំពាវនាវ យេីងកំពុងតែប្រឈមទៅនឹងការដេីរហួសបន្ទាត់ក្រហម ប្រសិនបេីបុគ្គល និងគ្រួសារ នៅតែមិនយកចិត្តទុកដាក់ ទទួលខុសត្រូវរៀងៗខ្លួនក្នុងការការពារទេនោះ»។
លោកស្រី បន្ដថា «ខ្ញុំបានលេីកឡេីងនូវការបារម្ភ និងសុំឱ្យបងប្អូនយេីងងាកមករកការការពាររៀងៗខ្លួនឱ្យបានហ្មត់ចត់ឡេីងវិញ កុំបន្ធូូរបន្ថយឱ្យសោះបេីយេីងមិនចង់ឃេីញសោកនាដកម្មសុខភាពសាធារណ: ដែលវាអាចនឹងទៅហួសបន្ទាត់ក្រហមនោះទេ»។
លោកស្រី ក៏បានពន្យល់ថា រឿងវីរុស ដែលតា នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត័មានរួចមកហេីយ អ្វីដែលសំខាន់នាពេលនេះទោះជា ដែលតា ឬអាល់ហ្វា គឺត្រូវតែរួមគ្នាការពារ ព្រោះបច្ចុប្បន្ននេះ អាល់ហ្វា ក៏កំពុងតែចរាចរខ្លាំងក្លាសឹងគ្រប់ ខេត្ត-ក្រុង រីឯអ្នកស្លាប់ក៏មានជារៀងរាល់ថ្ងៃ។
លោកស្រី បញ្ជាក់ទៀតថា «ហេតុអ្វីយេីងគិតតែពីដែលតា ហេីយខ្វះការប្រុងប្រយ័ត្នបច្ចុប្បន្ននេះសម្រាប់កាត់ផ្តាច់ចរាចរ អាល់ហ្វា ឬវីរុសកូវីដ-១៩ ជារួម ទោះជាប្រភេទអ្វីក៏ដោយ ក៏យេីងនៅតែមានផលប៉ះពាល់គ្រាន់តែតិច និងច្រេីន»។
លោកស្រី រដ្ឋលេខាធិការ ក៏បានលេីកឡេីងថា ដូច្នេះ ការការពារកុំឱ្យឆ្លង ឬបេីឆ្លងហេីយត្រូវការពារកុំឱ្យឆ្លងបន្តទៅក្រុមគ្រួសារ និងអ្នកដទៃ ជាការចាំបាច់បំផុតក្នុងពេលនេះ។ លោកស្រី ផ្ដាំផ្ញេីទៅ បុគ្គលម្នាក់ៗ ត្រូវរួមគ្នាទទួលខុសត្រូវក្នុងការការពារការចម្លងវីរុសកូវីដ-១៩ ទោះជាប្រភេទណាក៏ដោយ ដេីម្បីសុខភាពខ្លួន សុខភាពគ្រួសារ និងសហគមន៍មានសុវត្ថិភាព៕