ព័ត៌មានជាតិ

វៀតណាម គួររៀនសូត្រ បទ​ពិសោធន៍ល្អៗពីកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩

ភ្នំពេញ៖ លោក វ៉ូ ក្វាងម៉ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយម វៀតណាមប្រចាំនៅកម្ពុជា បានថ្លែងថា វៀតណាម គួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នៅក្នុងដំណាក់កាល ដែលប្រទេសវៀតណាម កំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ ។

ក្នុងពិធីប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ របស់សមាគមមិត្តភាពកម្ពុជា វៀតណាម ជូនលោក វ៉ូ ក្វាងម៉ិញ ដើម្បីបញ្ជូនទៅឲ្យសមាគមមិត្តភាពវៀតណាម កម្ពុជា នៅថ្ងៃទី១៩ កក្កដានេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជា វៀតណាម បាននាំនូវការសាកសួរទុក្ខ និងរំលែកនូវទុក្ខលំបាកពី ពីថ្នាក់ដឹកនាំគណបក្សប្រជាជន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម នៅក្នុងគ្រាដ៏លំបាកនេះ តាមរយៈលោកអគ្គរដ្ឋទូតវៀតណាម និងបានរំលឹកពីអំណោយរបស់វៀតណាម តាមរយៈ ថ្នាក់ដឹកនាំកំពូលៗ និងសមាគមមិត្តភាពវៀតណាម កម្ពុជាដែលបានជួយកម្ពុជា ក្នុងគ្រាមានគ្រោះនៃជម្ងឺកូវីដ១៩កន្លងមក។ ពេលនេះកម្ពុជាបានឃើញមិត្តវៀតណាម កំពុងមានការឆ្លងរាលដាល ទើបជួយចែលរំលែកជួយគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តជិតខាងល្អ។

ក្នុងឱកាសនោះលោកទូត សង្កត់ធ្ងន់ថា «វៀតណាមគួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ នៅក្នុងដំណាក់កាលដែលប្រទេសវៀតណាម កំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ» ។

លោកទូត ក៏បានថ្លែងកោតសសើរ នូវចំណាត់ការដ៏មានប្រសិទ្ធិភាពដឹកនាំ លើវិស័យសុខាភិបាលរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់ សម្តេចតេជោ ទាំងយុទ្ធសាស្ត្រការពារ និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងមនុស្សពេញវ័យ រហូត ដល់យុវវ័យចន្លោះ ១២-១៧ឆ្នាំ ដែលនឹងត្រូវចាក់នាពេលខាងមុខនេះ ៕

To Top