ភ្នំពេញ៖ ទីប្រឹក្សាសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និងជាអ្នកស្រាវជ្រាវ និងតាមដានប្រវត្តិសាស្រ្ត ក្នុងតំបន់ និងពិភពលោក លោក ហើស សិរីធន់ នៅថ្ងៃ២២ កក្កដា បានបង្ហាញអត្ថបទមួយ ដោយលើកឡើងពីព្រឹត្តិការណ៍ ក្នុងពិភពលោកសម្រាប់សតវត្សរ៍ទី២១នេះថា ទំនាស់ដ៏ចម្បង និងដ៏ស្រួចស្រាវដែលកើតមានឡើងសំខាន់ ក្នុងសតវត្សរ៍នេះ គឺជាការតស៊ូប្រយុទ្ធប្រឆាំងគ្នា ដើម្បីដណ្តើមប្រភពនៃវត្ថុធាតុដើម បំរើឲ្យផលប្រយោជន៍យុទ្ធសាស្រ្ត សេដ្នកិច្ច ក្នុងប្រទេសរបស់ខ្លួន ។
លោកបន្តរៀបរាប់ថា មុននេះដែរមានការប្រកួតប្រជែងគ្នា គឺជាអំណាចតស៊ូរវាងប្រពន្ធ័នយោបាយទាំងពីរ ដែលការប្រយុទ្ធតស៊ូទាំងនេះ មានចរិតនយោបាយច្រើនជាង សេដ្នកិច្ចដែលទំនាស់នេះ មានចរិតមនោគមវិជ្ជា ដោយការតស៊ូមុននេះ គឺសំដៅដណ្តើមបេះដូង ខួរក្បាលមនុស្ស អូសទាញមហាជនឲ្យកាន់តែច្រើន ដើម្បីធ្វើយ៉ាងណា ឲ្យមានការគាំទ្រក្រុមយើងឲ្យបានច្រើន ។
ដោយមានជំហាននយោបាយ ដើរមុននិន្នាការសេដ្នកិច្ច តែឈានចូលសត្សវត្សរ៍ទី២១ កត្តារឹងមាំអនុភាពខ្លាំងខ្លា ដើម្បីដឹកនាំពិភពលោកបានគឺការស្វែងរកដែនដីថ្មី ព្រោះដែនដីចាស់បាននិងកំពុងមានការខ្វះ មិនគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនិងចង្វាក់ផលិតកម្ម សេដ្នកិច្ច ដោយមានការកង្វះវត្ថុធាតុដើម ធនធានធម្មជាតិ សំដៅបំរើឲ្យដំណើរការអភិវឌ្ឍក្នុងកំរិត IT ខ្ពស់ មានករណីដីកំរ (rare earth) ជាដើម ។
ដូច្នោះ ការប្រកួតប្រជែងនាបច្ចុប្បន្ននេះ លែងជាការតស៊ូ លើផ្នែកមនោគមវិជ្ជាទៀតហើយ តែជាការតស៊ូ ប្រកួតប្រជែងគ្នា ដើម្បីដណ្តើម សម្បត្តិធម្មជាតិ វត្ថុធាតុដើម ដែលជាសេចក្តីស្រែកឃ្លាន ត្រូវការមិនចេះចប់ចំពោះវត្ថុធាតុដើមទាំងនេះ ដែលជាហេតុបច្ច័យក្នុងការ ជំរុញឲ្យមានដំណើរវាតទី ស្វែងរកដែនដីថ្មី មកលើតំបន់ទាំងទ្បាយ រួមទាំងការអាចប្រើប្រាស់ កម្លាំបាយដើម្បីស្វែងរក ដែនដីថ្មី ទៀតផងដូចដែលគេបានមើលឃើញ ជាក់ស្តែងស្រាប់បំផុតនោះ នៅលើតំបន់សមុទ្រចិនខាងត្បូង ក្នុងតំបន់អាស៊ីកណ្តាល លើទឹកដីអាហ្វីកប៉ូល North និង South រួមទាំងលើឋានព្រះច័ន្ទ ។
ការវិវត្តនៅប្រទេសភូមា ឬនៅ Afghanistan ក្រោយពីអាមេរិក និងពួកសម្ព័ន្ធមិត្តប្រកាសដកចេញនោះ ក្នុងសត្សវត្សរ៍ទី២១នេះ គេសំគាល់ឃើញ ពួកប្រទេសលោកសេរី បែរទៅជាសហការជាមួយ ក្រុមប្រទេសកុម្មុយនិស្ត ឬមួយក៏សហការជាមួយក្រុម ប្រទេសផ្តាច់ការដែលមិនដែលមានដំណើរការ ឆ្លងកាត់ការបោះឆ្នោះ ដោយសេរី ម្តងណាសោះ ដោយរួមគ្នារកស៊ីចង់សម្ព័ន្ធមិត្ត មិនប្រកាន់របបនយោបាយ។ ឲ្យតែក្រុមប្រទេសទាំងនេះ មើលឃើញ និងមានផលប្រយោជន៍យុទ្ធសាស្ត្រដូចគ្នានោះ ពុំមានសត្រូវយូរអង្វែង ហើយក៏ពុំមានមិត្តអមតៈ មានតែផលប្រយោជន៍ជាតិ តែមួយគត់ដែលស្ថិតស្ថេរ ចីរកាល ៕