ព័ត៌មានជាតិ

លោក សយ សុភាព ឲ្យសាកល្បងពិចារណា ពីអាមេរិក និងត្រកូល “សម”(Video)

ភ្នំពេញ៖ ក្នុងនាមជាអ្នកចូលចិត្តតាមដាន និងបញ្ចេញទស្សន លើស្ថានភាពនយោបាយ ទាំងក្នុងនិងក្រៅប្រទេស លោក សយ សុភាព ដែលបច្ចុប្បន្នជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានស្នើឲ្យប្រជាពលរដ្ឋខ្មែរ សាកល្បងពិចារណា ពីប្រទេសអាមេរិក និងត្រកូល “សម” ។

ត្រកូល “សម” លោក សម សារី ជាឪពុក លោក សម រង្ស៊ី ដែលតាមប្រវត្តិសាស្រ្ត គឺលោក សម សារី ជាមនុស្សប្រឆាំង និងជាជនក្បត់ជាតិផងដែរ ។

នៅថ្ងៃ២៨ កក្កដា នេះ លោក សយ សុភាព បានផ្តល់គតិឲ្យ សាកល្បងពិចារណាថា អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ចន ហ្វូស្ទើឌូល បាននិយាយមកកាន់ សម្តេចព្រះបិតាជាតិខ្មែរ នៅវ៉ាស៊ីនតោន ក្នុងឆ្នាំ១៩៥៦ ថា បើព្រះអង្គ ប្រកាន់អព្យាក្រិត្យងាកទៅរកចិន យើងបែកផ្លូវគ្នា។

លោកបន្តមកទៀតថា ឆ្នាំ១៩៥៨ សហរដ្ឋអាមេរិកបានបង្កើតចលនាខ្មែរសេរី ដោយយក លោក សម សារី ដែលជាឪពុក លោក សម រង្ស៊ី និងអ្នកផ្សេងទៀតជាកូនជឹង ប្រឆាំងព្រះអង្គ និងចិន ទីចុងបំផុតក្រុមនេះ ក្លាយជាជនក្បត់ជាតិ។

ងាកមកឆ្នាំ២០២១នេះវិញ លោកថា ទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោកស្រី វិន ឌីស៊ែមេន កាលពីខែកក្កដា ២០២១ នៅភ្នំពេញ លោកស្រីនិយាយសំដីដូចគ្នានឹងលោក ចន ហ្វូស្ទើឌូល គ្រាន់តែខុសពេលវេលា ដោយចោទខ្មែរថា ផ្តល់កំពង់ផែរាមឲ្យចិនដាក់ទ័ព។ ព្រមទាំងល្បោយ នំបញ្ចុកផ្សេងៗទៀត ។ ក្រោយបញ្ចប់ទស្សនកិច្ច របស់លោកស្រីតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្រាប់តែត្រកូល «សម» គឺអតីតមេបក្សប្រឆាំង រត់ទៅក្រៅប្រទេស លោក សម រង្ស៊ីប្រកាសបង្កើតរដ្ឋាភិបាល បំផ្លាញជាតិនាពេលខាងមុខ (បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ) ។

ជាមួយគ្នានេះលោក សយ សុភាពបន្ថែមទៀតថា កាលពីដើមឆ្នាំ២០០០ ប្រទេសមហាអំណាចលោកខាងលិចមួយ បានមកបញ្ចុះបញ្ចូល អ្នកកាន់អំណាចនៅភ្នំពេញ ឲ្យជួលដីនៅស្រុកឆែប ខេត្តព្រះវិហារ សម្រាប់ចលនាឡាវសេរី ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលឡាវ និងឲ្យជ្រៅជាងនេះទៅទៀត ប្រឆាំងការចុះមកដល់របស់ចិន តែខ្មែរមិនព្រមជាដាច់ខាត ។

លោកក៏បានស្នើ អ្នកវិភាគ ឬអ្នកដើរតាម ប្រយ័ត្នប្រយែង អ្នកនៅពីក្រោយក្រុមក្បត់នេះ គឺអ្នកធ្លាប់នៅពីក្រោយ លោក សម សារី…ហើយអ្នកផ្សេងទៀត ជាអ្នកជួយឲ្យផែនការនោះ បានសម្រេច ។ យើងមិនចង់ឃើញអតីតកាល វិលមកវិញទេ គ្រាន់ដូរពីលើកទី១ ២ ៣ មក ៤ តែប៉ុណ្ណោះ ។ ដូច្នេះបងប្អូនខ្មែរ ទាំងក្នុង និងក្រៅ រួមគ្នាកុំឲ្យបរទេសខ្លះ និងក្រុមត្រកូល «សម» បំផ្លាញសេចក្តីសុខ និងការរស់រានរបស់ខ្មែរយើង ៕

To Top