ព័ត៌មានជាតិ

សម្ដេចតេជោ ៖ សូមមិត្តចិនកុំទុកឲ្យកម្ពុជាបញ្ជាទ័ព ដោយមិនបានផ្ដល់អាវុធ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្តាំផ្ញើទៅលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា កុំទុកឲ្យសម្តេចក្លាយជាមេបញ្ជាការ បញ្ជាកងទ័ព ដោយមិនផ្ដល់អាវុធ និងគ្រាប់រំសេវឲ្យកងទ័ព ។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ចង់មានន័យថា «កុំឲ្យសម្ដេច បញ្ជាក្រុមគ្រូពេទ្យ ទៅវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយគ្មានវ៉ាក់សាំង។ សម្ដេច ថា «បញ្ហាជំងឺកូវីដ-១៩ ដូចមានពេលសង្គ្រាម ឲ្យតែចិនមានវ៉ាក់សាំងលក់ប៉ុន្មាន កម្ពុជាបញ្ជាទិញប៉ុណ្ណឹង»។

ក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ ដល់ក្រោម១៨ឆ្នាំ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងមកកម្ពុជា នូវវ៉ាក់សាំងកូវីដ-១៩ ជាង៣លានដូស ក្រៅពីនោះ កម្ពុជាបញ្ជាទិញពីចិន ជាង២០លានដូស។

សម្ដេចតេជោ មានប្រសាសន៍ថា «ឯកឧត្តម វង្សី វិស្សុត មានទំនាក់ទំនងល្អជាប់ជាប្រចាំជាមួយអគ្គរដ្ឋទូតចិន ហើយពាំនាំសម្ដីរបស់ខ្ញុំ ទៅប្រាប់អគ្គរដ្ឋទូតចិនថា សូមកុំទុកឲ្យខ្ញុំក្លាយទៅជា មេបញ្ជាការ បញ្ជាទ័ព ដោយមិនបានផ្ដល់អាវុធ និងគ្រាប់រំសេវទៅឲ្យកង ទ័ព»។

សម្ដេចតេជោបន្ដថា កម្ពុជានឹងមានវ៉ាក់សាំងជាង២៦លានដូស ទាំងជំនួយពីបណ្ដាប្រទេសដូចជា ៖ ចិន អង់គ្លេស ជប៉ុន និងអាមេរិក ព្រមទាំងបញ្ជាទិញផងដែរ។

ឆ្លើយទៅនឹងសម្ដេចតេជោ ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា ចិន-កម្ពុជា គឺជាបងប្អូនល្អប្រៀបដូច ដៃ និងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។

ស្ថានទូតបញ្ជាក់ថា ចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំង សម្រាប់កម្ពុជា និងគាំទ្រមិនងាករេ ដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុស នៅកម្ពុជា។ ទូត ក៏បានអះអាងថា ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស ចំនួន ៧,៣៨៥,០១៣នាក់ ហើយលទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៧៣.៤៨% ហើយ៕

To Top