ភ្នំពេញ ៖ មន្រ្តីទូតចិនប្រចាំកម្ពុជា បានបង្ហើបឲ្យដឹងថា នៅឆ្នាំ២០២២នេះ ផលិតផលរបស់កម្ពុជាជាច្រើនមុខ នឹងទទួលបានការបញ្ជាទិញពីបរទេស បន្ទាប់ពីកម្មករស្ទើរគ្រប់គ្នា បានចាក់វ៉ាក់សាំងកូវីដ១៩ ។
លោក Wang Dexin ប្រធានការិយាល័យនយោបាយ អមស្ថានទូតចិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ៥ សីហាថា នៅឆ្នាំ២០២២នេះ មានការបញ្ជាទិញ ពីអ្នកមកខាងក្រៅប្រទេស លើផលិតផលខ្មែរ ដែលផលិតចេញពីរោងចក្រ នៅកម្ពុជា ក្នុងរង្វង់យ៉ាងច្រើន ។
លោកថា ចំនួននៃការបញ្ជាទិញនេះ គឺស្ថិតក្នុងចំណាត់ថ្នាក់ល្អ និងអបអរសាទរចំពោះកម្ពុជា ដែលមានប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងច្រើន ក្នុងនោះកម្មករផងដែរ។ កម្មករបានទទួលវ៉ាក់សាំងនេះ នឹងមានសមត្ថភាព ផលិត ដើម្បីបំពេញតម្រូវការចំពោះអ្នកបញ្ជាទិញពីខាងក្រៅ ។
ប្រភពបន្តថា ការបញ្ជាទិញនេះ ដោយសារកម្មករ របស់ប្រទេសវៀតណាម បានចាក់វ៉ាក់សាំង មានចំនួនតិចតួចបំផុត ដូច្នេះការបញ្ជាទិញ បានបង្វែរគោលដៅ មកកម្ពុជាវិញ ។ ការបញ្ជាទិញនេះ មិនមែន មានតែមកពីចិនទេ សូម្បីទីផ្សារអឺរ៉ុប ក៏មានដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការបញ្ជាទិញ ផលិតផល ពីកម្ពុជានេះ លោក ជុំ សន្ទរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំអាមេរិក ក៏កំពុងបញ្ចុះបញ្ចូល ឲ្យមន្រ្តីពាណិជ្ជកម្ម និងសភាអាមេរិក ឲ្យបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ។ ដូចនេះ យុទ្ធនាការ ចាក់វ៉ាក់សាំងផ្ការីករបស់សម្តេចតេជោ ធ្វើឱ្យកម្មករ និងពលរដ្ឋមានភាពស៊ាំ ក្នុងការផលិតទៅ តាមការបញ្ជាទិញពីបរទេស៕
ដោយ៖ សយ សុភា
