ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ ។
សម្ដេច ស ខេង បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត ត្រូវប្រើប្រាស់រថយន្ដនេះ ឲ្យត្រឹមត្រូវបំផុត និងថែទាំដើម្បីប្រើប្រាស់យូរអង្វែង ក្នុងបំពេញបេសកម្មជូនប្រជាពលរដ្ឋ ។

សម្ដេចក៏បានកោតសសើរ កម្លាំងនគរបាលជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា ។ សម្ដេចបន្ដថា ក្នុងស្ថានភាពបច្ចុប្បន្នជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយទេ ទាំងនៅកម្ពុជា និងពិភពលោក ដូច្នេះកម្លាំងនគរបាលជាតិ បន្ដចូលរួមប្រយុទ្ធបន្ថែមទៀត។

នាឱកាសនោះ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានលើកឡើងថា គិតចាប់ឆ្នាំ២០១៩មក សម្តេច ស ខេង បានផ្តល់អំណោយដ៏ថ្លៃថ្លានូវរថយន្ត Pick-Up ចំនួន៤លើករួចមកហើយ សរុប១៥៨គ្រឿង ជូនដល់អង្គភាពចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយឧត្តមសេនីយ៍បន្ដថា ដោយសារ អធិការដ្ឋាននគរបាលក្រុង-ស្រុកចំនួន៨៧ទៀត នៅពុំទាន់ទទួលបានរថយន្ត ទើបសម្តេចក្រឡាហោម បានផ្ដល់រថយន្តម៉ាក Ford Ranger Pick-UP XLT 3.2L ចំនួន៨៧គ្រឿងបន្ថែមទៀត ដើម្បីបង្គ្រប់ជូនដល់ អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៨៧ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ២៣ ដែលមិនទាន់ទទួលបានរថយន្ត ៕

