ព័ត៌មានជាតិ

ខែកក្កដា ក្រុមការងារតាមដាន ហ្វេសប៊ុក សម្ដេច ស ខេង បានឆ្លើយតប និងដោះស្រាយបញ្ហា១៨ករណី

ភ្នំពេញ ៖ ក្រុមការងារតាមដាន ពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាខែកក្កដា ឆ្នាំ២០២១នេះ បានឆ្លើយតប និងដោះស្រាយបញ្ហា ចំនួន១៨គណនី ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «នៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារតាមដាន អំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពរដ្ឋ ដែលស្ថិតក្នុងដែន សមត្ថកិច្ចក្រសួងមហាផ្ទៃគឺមានចំនួន ៧៣គណនី និង បានឆ្លើយតបនិង ដោះស្រាយមានចំនួន ១៨គណនី ក្រៅពីនោះគឺស្ថិតក្នុងដំណាក់កាល កំពុងដំណើរការដោះស្រាយ»។

សម្ដេច បានបញ្ជាក់ថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារ កិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រ ហ្វេសប៊ុករបស់ សម្ដេច ទោះជាត្រូវប្រឈមមុខ នឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។

ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានសុំការយល់យោគ អធ្យាស្រ័យពីជនរួមជាតិ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់ បានដោះស្រាយចប់សព្វគ្រប់ ៕

To Top