ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារពិភាក្សា ត្រៀមរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២១

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារពិភាក្សា ការងារលើការត្រៀមរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ខណៈកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២១នេះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញក្រោមឱវាទក្រសួង។

អង្គប្រជុំបានពិភាក្សាលើ ការបង្កើតគណៈកម្មការទទួលបន្ទុករៀបចំ ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ានដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នៅក្នុងបរិបទនៃការឆ្លង រីករាលដាលជាសកល នៃមេរោគកូវីដ-១៩ ទូទាំងពិភពលោក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១០-១១ ខែវិច្ឆិកា ឆ្នាំ២០២១ ការត្រៀមរៀបចំសម្ភារ និងគ្រឿងបរិក្ខារផ្សេងៗ សំដៅសម្រួលដល់ដំណើរការនៃ កិច្ចប្រជុំនេះឲ្យប្រព្រឹត្តទៅ ដោយរលូន និងប្រសិទ្ធភាពខ្ពស់បំផុត។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីទស្សនវិស័យវែងឆ្ងាយ ក្នុងពេលកម្ពុជា ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី២៧ ដោយកម្ពុជាជាប្រទេស ដែលនាំមុខគេក្នុងការពង្រីក ការចូលរួមរបស់ដៃគូរសន្ទនា ជាមួយអាស៊ានឲ្យបានកាន់តែច្រើន រួមមាន៖ ប្រទេសឥណ្ឌា អូស្រ្តាលី ធនាគារពិភពលោក(WB) ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាដើម ហើយក្រុមការងាររបស់ក្រសួង(MPWT) នឹងធ្វើការសហប្រតិបត្តិការល្អ ជាមួយលេខាធិការដ្ឋាន អាស៊ានដើម្បីសម្រេចគោលដៅនេះ។

សូមជម្រាបជូនថា ក្រសួងសាធារណការ គ្រោងនឹងបង្កើតគណៈកម្មការរៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដោយមានការចូលរូមពីអង្គភាព ពាក់ព័ន្ធទាំងអស់ក្នុងក្របខណ្ឌក្រសួង និងបានស្នើឲ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈពិនិត្យ និងស្រាវជ្រាវអំពីការរៀបចំ ប្រព័ន្ធវីដេអូពីចម្ងាយឲ្យមានប្រសិទ្ធភាព និងមានលក្ខណៈរលូន ៕

To Top