ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានឆ្លងកាត់ការត្រួតពិនិត្យ ដោយជោគជ័យ ហើយនេះ បានបង្ហាញពីអត្ថន័យសំខាន់នៃ «នាវាមិត្តភាព» រវាងចិន-កម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូង នៃប្រជាជនទាំងពីរផងដែរ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា គម្រោងខាងលើនេះ មានទំហំផ្ទៃដីប្រមាណ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េនោះ គឺជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ។
ស្ថានទូតបញ្ជាក់ថា ពហុកីឡដ្ឋានខាងលើនេះ អាចរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិ ក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ី-អាគ្នេយ៍ឆ្នាំ២០២៣ ខាងមុខនេះ។
ជាងនេះទៅទៀត ស្ថានទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ទៀតថា «នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុតដែល ជាជំនួយរបស់រដ្ឋាភិបាលចិន នាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ រវាងចិន និងកម្ពុជា”។
សូមរំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលដើម្បីធ្វើជាទីតាំងម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ៕