ព័ត៌មានជាតិ

មន្ដ្រីចំណុះក្រសួងមហាផ្ទៃ ជាង២ពាន់នាក់ ឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក សេង យូអ៊ាន់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានឲ្យដឹងថា មកដល់ពេលនេះ មានថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ចំនួន២.១៩៨នាក់ បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ ជាសះស្បើយ ចំនួន១.៤៤១នាក់ កំពុងព្យាបាល ចំនួន៧៣៦នាក់ និងស្លាប់ ចំនួន២១នាក់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។

ក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ Zoom នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ លោក សេង យូអ៊ាន់ បានថ្លែងថា គិតត្រឹមថ្ងៃទី១៩ សីហា ក្រសួងមហាផ្ទៃ បានទទួលវ៉ាក់សាំងពីក្រសួងសុខាភិបាល ចំនួន២០លើក ស្មើនឹង១០៧,៣២១ដូស និងទទួលបានសម្ភារៈបរិក្ខារមួយចំនួនទៀត ។

ពាក់ព័ន្ធនឹងឆ្លងជំងឺកូវីដ-១៩ លោក សេង យូអ៊ាន់ បានបញ្ជាក់ថា «មកដល់ពេលនេះមានថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ២.១៩៨នាក់ បានឆ្លងជំងឺនេះ ក្នុងនោះជាសះស្បើយ ១.៤៤១នាក់ កំពុងព្យាបាល ៧៣៦នាក់ និងស្លាប់ ២១នាក់» ។

នាឱកាសនោះដែរ សម្ដេច ស ខេង បានផ្ដល់អនុសាសន៍ ឲ្យបន្តការងារ អប់រំផ្សព្វផ្សាយ អំពីការអនុវត្តវិធានការ ៣កុំ ៣ការពារ ពង្រឹងការអនុវត្តច្បាប់ និងវិធានការ និងត្រូវជំរុញការចាក់វ៉ាក់សាំង ឱ្យបានតាមគោលការណ៍ ក្រសួងសុខាភិបាល ។

ជាមួយគ្នានេះ សម្ដេច ក៏បានណែនាំឲ្យមានការផ្ដល់ព័ត៌មាន អំពីសំណើ និងសំណូមពរនានា ដើម្បីរៀបចំការសម្របសម្រួល ពិសេសជាមួយក្រសួង សុខាភិបាល ហើយគ្រប់អង្គភាព ត្រូវធ្វើរបាយការណ៍ឲ្យទៀងទាត់។

សូមរំលឹកថា គិតថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៨,៧៣៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៨៤,៥០៦នាក់ និងអ្នកស្លាប់ចំនួន១,៧៧៨នាក់ ៕

To Top