ព័ត៌មានជាតិ

អតីតមេប៉ូលីសរបស់ថៃម្នាក់ ប្រាក់ខែតែត្រឹមជាង ៤៣ ០០០បាត មានរថយន្តទំនើបៗរហូតដល់ ២៩គ្រឿង

បរទេស៖ អគ្គស្នងការនគរបាលជាតិរបស់ប្រទេសថៃ លោកឧត្តមសេនីយ៍ Suwat Chaengyodsuk បានបញ្ជូនឧត្តមសេនីយ៍ Noppasin Phoonsawat ដើម្បីព្យាយាមស្វែងរកវរសេនីយ៍ Thitisan Utthanaphol ដែលរត់គេចខ្លួននៅកណ្តាលនៃការស៊ើបអង្កេតឃាតកម្មទៅលើជនសង្ស័យគ្រឿងញៀនម្នាក់។ ផ្ទុយទៅវិញ ប៉ូលីស បែរជាបានរកឃើញរថយន្តទំនើប ៗ ជាច្រើន។

បើតាមវែបសាយ ASEAN NOW ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវរសេនីយ៍ Thitisan Utthanaphol មិនបាននៅផ្ទះរបស់គាត់នៅទីក្រុងបាងកកទេ ប៉ុន្តែគេបានរកឃើញរថយន្តទំនើប ៗ ចំនួន ១៣ គ្រឿង រួមមានរថយន្តម៉ាក Porsche, Lamborghini, Ferrari និង Mercedes Benz ។ ប្រភពនៃយានយន្តទាំងនោះ កំពុងត្រូវបានស៊ើបអង្កេត។

ក្រោយមកសារព័ត៌មាន Sanook បានរកឃើញបញ្ជីសារពើភ័ណ្ឌនៃយានយន្តទាំងអស់ដែលជាកម្មសិទ្ធិរបស់អតីតមេប៉ូលីស Muang Muang Sawan នៅភាគខាងជើងប្រទេសថៃ។ រថយន្តទាំងនោះរួមមានឈ្មោះម៉ូឌែលចំនួន ២៩ ដែលមានតម្លៃរាប់រយលានបាត។ មិនអាក្រក់សម្រាប់នរណាម្នាក់ដែលសារព័ត៌មាន Daily News បានរាយការណ៍ថា មានប្រាក់ចំណូលត្រឹមតែ ៤៣ ៣៣០ បាត ក្នុងមួយខែ។

ប៉ូលីសដែលគេស្គាល់តាមរយៈឈ្មោះហៅក្រៅថា “ Joe Ferrari” គឺជាអ្នកឈានមុខគេម្នាក់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ “ Joe Ferrari” ជាប់ពាក់ព័ន្ធនឹងករណីជនសង្ស័យគ្រឿងញៀនម្នាក់ ដែលត្រូវបានបង្ហាញនៅក្នុងវីដេអូដែលត្រូវបានគេធ្វើទារុណកម្ម ដោយការដាក់ថង់ប្លាស្ទិចឃ្លុំក្បាលរបស់គាត់នៅក្នុងឧប្បត្តិហេតុជំរិតដែលពាក់ព័ន្ធនឹងមន្រ្តីជាច្រើននាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top