ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអបអរសាទរលោកយាយ ព្រំ កួយអាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់ វ៉ាក់សាំងលេខរៀងទី៩លាន។
យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោកស្រី ឱ វណ្ណឌីន នឹងនាំយកថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀត ដែលជាជំនួយរបស់ សម្ដេច ទៅប្រគល់ ជូនលោកយាយដោយផ្ទាល់ ។ សម្ដេចជូនពរលោកយាយ ព្រំ កួយ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទូទាំង ប្រទេសជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។
ជាមួយគ្នានេះ សម្ដេចតេជោ បានថ្លែងថា មកទល់ពេលនេះ កម្ពុជា សម្រេចបាននូវ ការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង ៩០% នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង ។ ចំនួននេះមិនទាន់ គិតពីការ ចាក់ជូនកុមារ និងយុវវ័យ ដែលមកដល់ពេលនេះ ចាក់បាន៦៩.៤៧ភាគរយ នៃចំនួន១.៩៦៦.៩៣១នាក់ ដែលត្រូវចាក់ ព្រមទាំងបងប្អូនដែលបានចាក់ ដូសទី៣ ឬដូសជំរុញ នោះទេ។
សម្ដេចតេជោ បានបន្ដថាប្រសិននិយាយពីតួលេខសរុប ចាក់បានលើស ១០លាននាក់ ដែលប្រមាណ ៦៥ភាគរយ នៃប្រជាជនសរុប ១៦លាននាក់។
សម្ដេចតេជោ ក៏បានអរគុណ ដល់ប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំចូលរួមនៅក្នុង ដំណើរការចាក់វ៉ាក់សាំង៕