ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការី នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួម ពិធីប្រកាសដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ សម្រាប់ការបង្កើតអាជីវកម្ម តាមប្រព័ន្ធអនឡាញ (Online Business Registration) តាមរយៈប្រព័ន្ធវីដេអូ Zoom។
ពិធីដាក់ឱ្យប្រកាស ដាក់ដំណើរការផ្លូវការនេះ មានការអញ្ជើញចូលរួម លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់បង្កើតអាជីវកម្ម តាមប្រព័ន្ធអនឡាញនេះ (www.registrationservices.gov.kh) នឹងសម្រួលដល់បរិយាកាសធុរកិច្ច និងលើកកម្ពស់ភាព ប្រកួតប្រជែងកម្ពុជា ក្នុងបរិការណ៍ នៃការរីករាលដាលជំងឺកូវីដ-១៩។
គួរឲ្យដឹដងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មុតស្រួច ជាកញ្ចប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ ក្នុងដំណាក់កាលទី១ ប្រព័ន្ធបានគ្របដណ្តប់ លើការចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ របស់អគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីប្រកាស ជូនដំណឹងបើកសហគ្រាស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានដាក់ឲ្យដំណើរការជាផ្លូវការ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
ដោយឡែក ក្នុងដំណាក់កាលទី២ នេះ ប្រព័ន្ធនឹងពង្រីកវិសាលភាពផ្តល់ភាពកាន់តែងាយស្រួលជាងមុន ដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ តាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញដែលមាន តួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ។ ក្នុងនោះ ក្រសួង-ស្ថាប័នចំនួន ៤ បានចូលរួមក្នុងដំណាក់កាលទី២ នេះ រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែន ធនាគារ៕