ព័ត៌មានជាតិ

លោក សយ សុភាព៖ សម្ដេច ស ខេង ទៅបារាំង គ្មានហេតុការណ៍អាក្រក់ ដូចការលើកឡើង របស់អ្នកវិភាគ មួយចំនួន

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានធ្វើការឌឺដង ទៅកាន់ក្រុមអ្នកវិភាគ មួយចំនួន ក៏ដូចជាអតីតមេបក្សប្រឆាំង ដែលបានអត្ថាធិប្បាយ បែបបំភ្លៃការពិត ជុំវិញការដំណើរ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសបារាំង ដើម្បីពិនិត្យសុខភាព។

ការលើកឡើងរបស់ សយ សុភាព បែបនេះ បន្ទាប់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ក្រោយទទួលបាន ការវះកាត់ ដោយជោគជ័យ ពីវេជ្ជបណ្ឌិតបារាំង ។

ជុំវិញករណីនេះ ត្រូវបានក្រុមអ្នកវិភាគមួយចំនួន រួមទាំងអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានអត្ថាធិប្បាយផ្សេងៗគ្នា ពីការធ្វើដំណើរ របស់សម្ដេច ស ខេង ទៅកាន់ប្រទេសបារាំង ដើម្បីពិនិត្យសុខភាពផ្ទាល់ខ្លួន ទៅជារឿងនយោបាយទៅវិញ។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងថា « សុំសរសើរអ្នកវិភាគ! អ្នកវិភាគជនជាតិខ្មែរមួយចំនួន ពិតជាវិភាគបានល្អមែន ដែលទីបំផុតឥស្សរជន លំដាប់ទី២ នៃបក្សកាន់អំណាច សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានវិលត្រឡប់ពីបារាំង មកវិញហើយ។ គ្មានហេតុការណ៏អាក្រក់ ដូចអ្នកវិភាគទាំងនោះ បានកើតឡើយ»។

លោក សយ សុភាព បន្ថែមថា «វិភាគនេះ ត្រូវបានគេឱ្យឈ្មោះថា ក្រុម បំភ្លើស បំផ្លោង បំភ្លៃ ដែលមានប្រភពដើម មកពីខេត្តបារៀ នៃប្រទេសអាឡឺម៉ង់ នៅឆ្នាំ១៧៣៥។ បច្ចុប្បន្ននេះពួកអ្នកយុទ្ធសាស្ត្រ នៃអំណាចស្រមោល ពិភពលោកកំពុងប្រើប្រាស់។ ជាពិសេស វាយប្រហារចិន និងសម្ពន្ធមិត្តរបស់ចិន»។

លោក សយ សុភាព បញ្ជាក់ថា បច្ចុប្បន្ននេះពួកអ្នកយុទ្ធសាស្ត្រ នៃអំណាចស្រមោល ពិភពលោក មានបីលំដាប់ ដែលខ្មែរត្រូវដឹង និង ស្វែងយល់ ទើបដឹងពិភពលោកបានទូលាយ រួមមាន៖
១ illuminati
២ Freemason
៣ Bilderberge។ ចង់ដឹងសូមចូលមើលក្នុង យូធូប និង google៕

To Top