ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្ដារភក់កាយសំរាម និងមែកឈើ ពីប្រឡាយមេនៅខាងជើង បើកផ្លូវទឹកហូរទៅស្ថានីយបូមទឹកកប់ស្រូវ

ភ្នំពេញ ៖ ក្រុមការងារ នៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាព កាយស្ដារភក់ កាយសំរាម និងមែកឈើចេញ ពីប្រឡាយមេមួយកន្លែង ប្រវែងជាង២គីឡូម៉ែត្រ នៅប្រឡាយមេភាគខាងជើង រាជធានីភ្នំពេញ នៅតាមបណ្តោយ ផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដើម្បីបើកផ្លូវទឹកឲ្យហូរបានលឿន ទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។

លោកម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំ ពីលោក ឃួង ស្រេងជាអភិបាលរាជធានីភ្នំពេញ ក្រុមការងារកំពុងស្ដារប្រឡាយមេ នៅអមផ្លូវ៣០ម៉ែត្រ ដែលមានប្រវែង២២៧៩ ម៉ែត្រទទឹង៣០ម៉ែត្រ ជម្រៅ៥ម៉ែត្រ ចាប់ពីបុរីអង្គរ ដល់មុខក្រសួងរៀបចំដែនដី នរគរូបនីយកម្មនិងសំណង់ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ។

លោកឲ្យដឹងទៀតថា ស្ដារប្រឡាយនេះ ដើម្បីឲ្យទឹកហូរបានលឿន ទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ ។ ការងារនេះបានអនុវត្ត តាំងពីចុងខែសីហាឆ្នាំ២០២១ ។

ប្រធានមន្ទីរធនធានទឹក បានបញ្ជាក់ទៀតថា ប្រឡាយនេះ មានតួនាទីសំខាន់ ក្នុងការរំដោះទឹកចេញ ពីខណ្ឌទួលគោក ខណ្ឌសែនសុខនិងខណ្ឌឬស្សីកែវ ។ ក្រុមការងារ ទោះបីមានការលំបាកមួយចំនួន ជុំវិញមេឈើច្រើនយ៉ាងណាក៏ដោយក៏នៅតែបន្តធ្វើ ដើម្បីធ្វើយ៉ាងណាបើកផ្លូវទឹកហូរឲ្យបានលឿន ទៅកាន់ស្ថានីយកប់ស្រូវ កាត់បន្ថយបានការលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top